តម្លៃប្រេងធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីកើនឡើងយ៉ាងគំហុកនាពេលថ្មីៗនេះ ស្របពេលមានការរំពឹងទុកអំពីការកាត់បន្ថយការផលិតប្រេង ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី និងកំណើនផលិតកម្មរបស់ប្រទេសចិន។

តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ១៧សេន ឬ០,២ភាគរយ មកនៅត្រឹម៨៦,៨៣ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0017 GMT បន្ទាប់ពីកើនឡើង២,៤ភាគរយ កាលពីសប្តាហ៍មុន។ រីឯ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានធ្លាក់ចុះ១១សេន ឬ០,១ភាគរយ មកនៅត្រឹម៨៣,០៦ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើង៣,២ភាគរយ កាលពីសប្តាហ៍មុន។

យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក បានកើនឡើង០,៣ភាគរយ នៅក្នុងខែកុម្ភៈ ដែលស្របតាមការព្យាករណ៍ទុករបស់ក្រុមសេដ្ឋវិទូ និងជំរុញឱ្យអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក(Fed)នឹងបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។

ទន្ទឹមនឹងនេះ លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed)  បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា “ទិន្នន័យអតិផរណានៅក្នុងខែកុម្ភៈ គឺកាន់តែដូចអ្វី ដែលយើងចង់ឃើញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក លោក Alex Turro អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “យើងនឹងត្រូវពិនិត្យមើលថា តើអតិផរណារបស់សហរដ្ឋអាមេរិកអាចនឹងបន្តធ្លាក់ចុះឬយ៉ាងណា ដើម្បីបើកឱកាសឱ្យធនាគារ Fed បញ្ចុះអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៦៨,៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះ០,០៣៨ភាគរយ មកនៅត្រឹម១០៤,៤២ពិន្ទុនៅថ្ងៃច័ន្ទនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃច័ន្ទនេះខណៈសកម្មភាពផលិតកម្មរបស់ប្រទេសចិនបានកើនឡើង នៅក្នុងខែមីនាជាលើកដំបូង គិតចាប់តាំងពីខែកញ្ញា ឆ្នាំមុន ដែលនេះជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចចិនកំពុងមានស្ថិរភាព។

ការិយាល័យស្ថិតិជាតិនៃប្រទេសចិនបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញជាផ្លូវការ សម្រាប់វិស័យផលិតកម្ម(PMI)បានកើនឡើងពី៤៩,១ពិន្ទុ នៅក្នុងខែកុម្ភៈ ដល់៥០,៨ពិន្ទុ ក្នុងខែមីនា ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,០១ភាគរយ គិតត្រឹមម៉ោង១០:០៦នាទីព្រឹក។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៥០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានបិទការជួញដូរចាប់តាំងពីថ្ងៃសុក្រ សប្តាហ៍មុន។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ១,៦២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ១,០៧ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានបិទការជួញដូរ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៣១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here