តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈ ទិន្នន័យអតិផរណាអាមេរិក បានជំរុញឱ្យអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក(Fed)នឹងបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង១,០៨ភាគរយដល់២២៥៦,៤១ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,៧១ភាគរយដល់២២៧៦,៦០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៦នាទីព្រឹក។

យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក បានកើនឡើង០,៣ភាគរយ នៅក្នុងខែកុម្ភៈ ដែលស្របតាមការព្យាករណ៍ទុករបស់ក្រុមសេដ្ឋវិទូ។

ទន្ទឹមនឹងនេះ លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed)  បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា “ទិន្នន័យអតិផរណានៅក្នុងខែកុម្ភៈ គឺកាន់តែដូចអ្វី ដែលយើងចង់ឃើញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក លោក Alex Turro អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “យើងនឹងត្រូវពិនិត្យមើលថា តើអតិផរណារបស់សហរដ្ឋអាមេរិកអាចនឹងបន្តធ្លាក់ចុះឬយ៉ាងណា ដើម្បីបើកឱកាសឱ្យធនាគារ Fed បញ្ចុះអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។

លោក Giovanni Staunovo អ្នក វិភាគនៅធនាគារ UBS បាន លើកឡើងថា“ធនាគារកណ្តាលនានាបន្តទិញមាសទុក ក្នុងគោលដៅធ្វើពិពិធកម្មទុនបម្រុងរូបិយប័ណ្ណរបស់ពួកគេ ដែលការណ៍នេះបានប៉ះប៉ូវ ការថយចុះនៃតម្រូវការ របស់អ្នកវិនិយោគ ដែល ផ្តោត លើ ការ រំពឹង ទុក អំពី ការ កាត់ បន្ថយ អត្រា ការ ប្រាក់ របស់ សហរដ្ឋ អាមេរិក”។

លោក Everett Millman ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Gainesville Coins បានអះអាងថា “តម្លៃមាសកំពុងហក់ឡើងថ្លៃ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅទូទាំងពិភពលោក ដែលអាចជំរុញឱ្យអ្នកវិនិយោគងាកទៅទិញមាស ព្រោះមាសគឺជាទ្រព្យវិនិយោគដែលមានសុវត្ថិភាព”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៦៨,៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះ០,០៣៨ភាគរយ មកនៅត្រឹម១០៤,៤២ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤៣ភាគរយដល់២៥,០៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,០៨ភាគរយដល់៩០៨,៧៧ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩១ភាគរយដល់១០២៤,១៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥០នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here