ទីផ្សារការិយាល័យនៅទីក្រុងហាណូយ និងហូជីមិញនឹងបន្តជួបបញ្ហាផ្គត់ផ្គង់លើសតម្រូវការ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield Vietnam បានឱ្យដឹងថា ការផ្គត់ផ្គង់ការិយាល័យថ្មីនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នឹងជំរុញឱ្យអត្រាការិយាល័យទំនេរគ្មានអ្នកជួល កើនដល់កម្រិតលើសពី២០% ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

នៅក្នុងរបាយការណ៍ទីផ្សារថ្មីៗនេះ ក្រុមហ៊ុន Cushman & Wakefield Vietnam បានព្យាករថា ការផ្គត់ផ្គង់ការិយាល័យសរុបនៅទីក្រុងហាណូយ នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ជាមធ្យម៣,៥% ដែលត្រូវបានគេរំពឹងថា នឹងមានការផ្គត់ផ្គង់ការិយាល័យថ្មីជិត៨១.០០០ម៉ែត្រការ៉េ ក្នុងឆ្នាំនេះ។

ទន្ទឹមនឹងនេះ នៅទីក្រុងហូជីមិញ នឹងមានការផ្គត់ផ្គង់អគារការិយាល័យថ្មីកម្រិត A ជិត១២០.០០០ម៉ែត្រការ៉េ ពីគម្រោងចំនួន៣ នៅក្នុងសង្កាត់លេខ១ រួមជាមួយនឹងការផ្គត់ផ្គង់ការិយាល័យបន្ថែម៨១.០០០ម៉ែត្រការ៉េ នៅក្នុងតំបន់មិនមែនកណ្តាលទីក្រុង(Non-central areas) ចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Le Hoang Lan Nhu Ngoc ប្រធានផ្នែកភតិសន្យាពាណិជ្ជកម្មនៅក្រុមហ៊ុន Cushman & Wakefield Vietnam បានលើកឡើងថា កំណើននៃការផ្គត់ផ្គង់ការិយាល័យ នៅទីក្រុងហូជីមិញ ត្រូវបានជំរុញ ដោយការអភិវឌ្ឍន៍ក្នុងតំបន់Thu Thiem New Urban Area និងសង្កាត់លេខ៧ ដោយសារការជួលដែលមានលក្ខណៈប្រកួតប្រជែង ដីធ្លីធំទូលាយ  និងកត្តាហេដ្ឋារចនាសម្ព័ន្ធអំណោយផល។

លោក Ngoc បានកត់សម្គាល់ថា តម្រូវការការិយាល័យនៅទីក្រុងហាណូយបានធ្លាក់ចុះ ចាប់តាំងពីឆមាសទីពីរ នៃឆ្នាំមុនមកម្ល៉េះ ហើយនឹងនៅតែបន្តធ្លាក់ចុះនៅឆ្នាំនេះ។

លោកបន្តថា “អត្រាការិយាល័យទំនេរ របស់រដ្ឋធានីហាណូយ ត្រូវបានគេព្យាករថា នឹងស្ថិតក្នុងចន្លោះពី២៥ ទៅ៣០% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ មុនពេលធ្លាក់ចុះបន្តិចម្តងៗ មកនៅត្រឹមជាង២០% នៅឆ្នាំ២០២៧”។

ចំណែកទីក្រុងហូជីមិញ ក៏ត្រូវបានគេព្យាករថា នឹងជួបប្រទះនិន្នាការស្រដៀងគ្នានេះផងដែរ។ តួយ៉ាង  ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam បានព្យាករថា ការចាប់ផ្តើមបើកដំណើរការគម្រោងអគារការិយាល័យធំៗជាច្រើន រហូតដល់ឆ្នាំ២០២៦ អាចនាំឱ្យថ្លៃជួលធ្លាក់ចុះ ជាពិសេសការិយាល័យកម្រិតA ។

ការជួលការិយាល័យ នៅទីក្រុងហូជីមិញត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ១% ក្នុងមួយឆ្នាំៗនារយៈពេល២ឆ្នាំខាងមុខ។

ជាមួយគ្នានេះ ប្រភពអ្នកជួលការិយាល័យ នៅក្នុងទីក្រុងទាំង២ ភាគច្រើនគឺជាក្រុមហ៊ុន ដែលស្ថិតនៅក្នុងវិស័យព័ត៌មានវិទ្យា ហិរញ្ញវត្ថុ ធានារ៉ាប់រង អចលនទ្រព្យ និងឧស្សាហកម្មផលិតកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here