តើវិបត្តិអចលនទ្រព្យអាចជះផលប៉ះពាល់ទៅលើសុខភាពរបស់ធនាគាររដ្ឋចិនដែរឬយ៉ាងណា?

ដោយ: គង់ លាងហួរ

ប៉េកាំង: វិបត្តិអចលនទ្រព្យ​​របស់​ប្រទេស​ចិន ​កំពុង​​ជះផលប៉ះពាល់ទៅលើបណ្តាធនាគារ​រដ្ឋ​ធំ​ៗ របស់​ប្រទេស​នេះ ខណៈ​ដែល​ប្រាក់កម្ចី​ មិនដំណើរការរបស់​ធនាគារទាំងនោះ កំពុង​កើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Nikkei Asia។

តួយ៉ាងធនាគារ Bank of Communications បានរាយការណ៍ថា អនុបាតប្រាក់កម្ចីមិនដំណើរការរបស់ខ្លួន នៅក្នុងវិស័យអចលនទ្រព្យបានកើនឡើងដល់៤,៩៩ភាគរយ នៅចុងឆ្នាំ២០២៣ បើធៀបនឹង២,៨ភាគរយកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន (ICBC) ធនាគារចិន (BOC) ធនាគារសំណង់ចិន (CCB) និងធនាគារកសិកម្មនៃប្រទេសចិន (ABC) បានរាយការណ៍ថា ប្រាក់កម្ចីមិនដំណើរការសរុបរបស់ពួកគេ  បានឈានដល់១,២៣ទ្រីលានយ័ន (១៧០ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ កើនឡើង១០,៤% ពី១,១១ទ្រីលានយ័ន ក្នុងឆ្នាំ២០២២។

បណ្តាធនាគាររដ្ឋចិនកំពុងជួបការលំបាក ខណៈដែលទីក្រុងប៉េកាំង បានប្រគល់ភារកិច្ចឱ្យធនាគារទាំងនោះ ក្នុងការជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជា ជួយសង្គ្រោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងរដ្ឋបាលក្នុងតំបន់ដែលកំពុងជំពាក់បំណុលវ័ណ្ឌក។

គិតរហូតមកទល់នឹងពេលនេះ បណ្តាធនាគាររដ្ឋបានអនុវត្តន៍តាមការអំពាវនាវរបស់រដ្ឋាភិបាលចិន ក្នុងការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

ធនាគារ Bocom បានអះអាងថា ការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ បានធ្វើឱ្យប៉ះពាល់ដល់ផល ចំណេញរបស់ធនាគារ។ លើសពីនេះ ធនាគារបានទិញមូលបត្រ បំណុលសាជីវកម្មអចលនទ្រព្យចំនួន៥៦,៥ភាគរយ បន្ថែមទៀតកាលពីឆ្នាំមុន ដើម្បីបំពេញតម្រូវការហិរញ្ញប្បទានរបស់អ្នកអភិវឌ្ឍន៍។

ជាមួយគ្នានេះ ធនាគារ ICBC បានបន្តផ្តល់ប្រាក់កម្ចីអចលនទ្រព្យប្រកបដោយ “ស្ថិរភាព និងសណ្តាប់ធ្នាប់”និងបានជំរុញការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ទីផ្សារលំនៅដ្ឋានជួល។ នេះបើយោងតាមការបញ្ជាក់ពីសេចក្តីថ្លែងការណ៍របស់ធនាគារICBC។

ចំណែក ធនាគារ AgriBank បានអះអាងថា ការកាត់បន្ថយអត្រាការប្រាក់ដែលមានស្រាប់ ដូចជាកម្ចីទិញផ្ទះ បានជះផលប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ ធនាគារនេះបានកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ ដែលមានស្រាប់ចំនួន៧៣ពិន្ទុមូលដ្ឋាន សម្រាប់កូនបំណុលជាង៧,៦៣លាននាក់កាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here