ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកកឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូ ក្រសួងពាណិជ្ជកម្មចូលរួម កិច្ចប្រជុំទ្វេរភាគីជាមួយ លោកIn-Kyo CHEONG រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីវឌ្ឍនភាព នៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងផ្លាស់ប្តូរទស្សនៈគ្នា លើយន្តការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគដើម្បីជំរុញ និងទាក់ទាញសហគមន៍ធុរកិច្ច និងវិនិយោគិនកូរ៉េឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន ព្រមទាំងដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះផងដែរ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់នូវវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាពិសេសលើកំណើនជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -សាធារណរដ្ឋកូរ៉េ និងបានសាទរ ចំពោះលទ្ធផលជាវិជ្ជមាន នៃកិច្ចប្រជុំគណៈកម្មការ ជំនាញនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ៕