ទំហំពាណិជ្ជកម្មឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានកើនឡើង៣៨,៣ភាគរយនៅដើមឆ្នាំនេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការនាំចូល និងការនាំចេញឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) សម្រេចបានទំហំទឹកប្រាក់៦២៨លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំនេះ កើនឡើង៣៨,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

តំបន់ SSEZ គឺជាគម្រោងដ៏លេចធ្លោមួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ដែលកើតចេញពីការបណ្តាក់ទុនរួមគ្នាដោយវិនិយោគិនចិន និងកម្ពុជា។

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យដឹងថា​ “កំណើន​នេះ​បង្ហាញ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​គឺ ​​ជា​កាតាលីករ​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញការ​អភិវឌ្ឍ​ន៍របស់​ប្រទេស​កម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចាប់តាំងពីដើមឆ្នាំ២០២៤មក តំបន់SSEZ បានទាក់ទាញសហ​គ្រាសថ្មីចំនួន៨ ដែលនាំឱ្យចំនួនសហគ្រាសសរុប នៅក្នុងតំបន់នេះកើនឡើងដល់១៨៨ទីតាំង គិតរហូតមកដល់ពេលនេះ ដោយបង្កើតការងារបានជាង៣ម៉ឺនកន្លែង។

លោក នាគ ចាន់ដារិទ្ធ នាយកមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ បានថ្លែងថា តំបន់ SSEZ ស្ថិតនៅជិតកំពង់ផែទឹកជ្រៅស្វយ័តក្រុងព្រះសីហនុ ដែលបង្កភាពងាយស្រួលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក។

លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “តំបន់សេដ្ឋកិច្ចពិសេសនេះ បានរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្កើតការងារជាច្រើនដល់ប្រជាជនក្នុងតំបន់”។

លោកបន្តថា តំបន់ SSEZ រួមជាមួយនឹងគម្រោង BRI សំខាន់ៗផ្សេងទៀត បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្ពុជាសម្រេចបាននូវគោលដៅ ដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

តំបន់ SSEZ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ ដែលចំនួនសហគ្រាសនៅទីនោះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៣០០សហគ្រាស ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលអាចបង្កើតការងារ១០ម៉ឺនកន្លែង សម្រាប់ប្រជាជនក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here