ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅព្រឹកថ្ងៃសុក្រនេះ ខណៈ ដែលអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណាអាមេរិក ដែលអាចផ្តល់តម្រុយអំពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២២៣២,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម២២៥៤,៨០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤០នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តម្លៃមាស Spot Gold បានងើបឡើង១,២២%ដល់២២២០,៨៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,២% ដល់២២៣៨,៤ដុល្លារក្នុងមួយអោន។
អ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រស្អែកនេះ ខណៈសន្ទស្សន៍នេះត្រូវបានគេព្យាករថា នឹងកើនឡើង០,៣% ក្នុងខែកុម្ភៈ ។
លោក Bob Haberkorn អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “ប្រសិនបើសន្ទស្សន៍ PCE កើនឡើងខ្ពស់ជាងការរំពឹងទុក នោះតម្លៃមាសអាចនឹងធ្លាក់ចុះ ប៉ុន្តែខ្ញុំរំពឹងថា ការធ្លាក់ចុះនឹងមានរយៈពេលខ្លីប៉ុណ្ណោះ រួចក៏ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស”។
ចំណែក លោក Alex Turro អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures ដូចគ្នា បានលើកឡើងថា “យើងនឹងត្រូវពិនិត្យមើលថា តើអតិផរណារបស់សហរដ្ឋអាមេរិកអាចនឹងបន្តធ្លាក់ចុះឬយ៉ាងណា ដើម្បីបើកឱកាសឱ្យធនាគារ Fed បញ្ចុះអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។
លោក Giovanni Staunovo អ្នក វិភាគនៅធនាគារ UBS បាន លើកឡើងថា“ធនាគារកណ្តាលនានាបន្តទិញមាសទុក ក្នុងគោលដៅធ្វើពិពិធកម្មទុនបម្រុងរូបិយប័ណ្ណរបស់ពួកគេ ដែលការណ៍នេះបានប៉ះប៉ូវ ការថយចុះនៃតម្រូវការ របស់អ្នកវិនិយោគ ដែល ផ្តោត លើ ការ រំពឹង ទុក អំពី ការ កាត់ បន្ថយ អត្រា ការ ប្រាក់ របស់ សហរដ្ឋ អាមេរិក”។
លោក Everett Millman ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Gainesville Coins បានអះអាងថា “តម្លៃមាសកំពុងហក់ឡើងថ្លៃ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅទូទាំងពិភពលោក ដែលអាចជំរុញឱ្យអ្នកវិនិយោគងាកទៅទិញមាស ព្រោះមាសគឺជាទ្រព្យវិនិយោគដែលមានសុវត្ថិភាព”។
ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៦០ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,៥២ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ ខណៈទិន្នន័យសម្រាប់ថ្ងៃសុក្រនេះមិនទាន់ចេញផ្សាយនៅឡើយ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១៦ភាគរយដល់២៥,០២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានស្ថិតនៅទ្រឹងត្រឹម៩០៨,០៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានស្ថិតនៅទ្រឹងត្រឹម១០១៤,៩៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៦នាទីព្រឹកថ្ងៃសុក្រនេះ៕