ប្រទេសវៀតណាមបង្កើនការនាំចូលធ្យូងថ្ម ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីដល់រោងចក្ររបស់ក្រុមហ៊ុនបរទេសធំៗ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្នុងរយៈពេលប៉ុន្មានខែដំបូង ដើមឆ្នាំ២០២៤នេះ ការនាំចូលធ្យូងថ្មរបស់ប្រទេសវៀតណាម បានកើនឡើងយ៉ាងគំហុក ខណៈរដ្ឋាភិបាលវៀតណាម ព្យាយាមធានាដល់វិនិយោគិនបរទេសថា រោងចក្រផលិតកម្មរបស់ពួកគេ នឹងមិនប្រឈមការខ្វះខាតថាមពលម្តងទៀត ដូចកាលពីឆ្នាំមុននោះឡើយ។

ប្រទេសវៀតណាម បានក្លាយជាទីតាំងមូលដ្ឋាន ផលិតកម្មដ៏ធំរបស់ក្រុមហ៊ុនពហុជាតិ ដូចជា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics  ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់ និងក្រុមហ៊ុន Canon របស់ប្រទេសជប៉ុន។

ប៉ុន្តែប្រទេសវៀតណាម កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង បន្ទាប់ពីវៀតណាមមិនអាចធានា ការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ កាលពីរដូវក្តៅឆ្នាំមុន ដែលនាំឱ្យរោងចក្រ​មួយចំនួន ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ផលិតកម្ម​ជា​បណ្ដោះអាសន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្នុងអំឡុងកិច្ចប្រជុំជាមួយអ្នកវិនិយោគ បរទេសកាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានប្តេជ្ញាថា រោងចក្ររបស់ពួកគេ នឹងមិនមានការខ្វះខាតអគ្គិសនីទៀតទេ។

ក្រុមមន្ត្រីបរទេសចំនួន២រូប ដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានទម្លាយឱ្យដឹងថា ការប្តេជ្ញាចិត្តរបស់លោក Chinh គឺគ្រាន់តែជាការធានាឡើងវិញប៉ុណ្ណោះ ប៉ុន្តែខាងភាគីវៀតណាម ពុំទាន់បានបង្ហាញវិធានការច្បាស់លាស់ ដើម្បីសម្រេចបាននូវគោលដៅនោះទេ។

លោក Phan Xuan Dung អ្នកស្រាវជ្រាវនៅអង្គការ ISEAS ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរីបានលើកឡើងថា “វៀតណាមមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទេ ក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ដូច្នេះ វៀតណាមត្រូវការ នាំចូលធ្យូងថ្មបន្ថែមទៀតជាចាំបាច់ ដើម្បីជៀសវាងការដាច់ចរន្តអគ្គិសនី ដូចកាលពីឆ្នាំមុនម្តងទៀត”។

យោងតាមទិន្នន័យ​គយ​បង្ហាញ​ថា ការ​នាំ​ចូល​ធ្យូង​ថ្ម​ ដែល​ភាគ​ច្រើន​មានប្រភពមក​ពី​ប្រទេសអូស្ត្រាលី និង​ឥណ្ឌូនេស៊ី​បាន​កើន​ឡើង​ប្រហែល៨៨% គិត​ត្រឹម​ថ្ងៃ​ទី ១៥ ខែ​មីនា បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ទិន្នផលធ្យូង​ថ្ម​ក្នុងស្រុក ក៏បានកើនឡើង៣,៣%ផងដែរ  ដែលជាធម្មតាវាគ្របដណ្តប់ប្រហែលពាក់កណ្តាល នៃតម្រូវការសរុបរបស់ប្រទេសវៀតណាម។ នេះបើយោងតាមទិន្នន័យផ្លូវការ។

ប្រសិនបើគិតទាំងការនាំចូល និងទិន្នផលក្នុងស្រុកបូករួមបញ្ចូ​លគ្នាបានបង្ហាញថា ការផ្គត់ផ្គង់ធ្យូងថ្មរបស់ប្រទេសវៀតណាម មានកម្រិតលើសពី៨លានតោនក្នុងមួយខែ ក្នុងអំឡុងខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here