តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធ្លាក់ចុះអស់២វគ្គជាប់ៗគ្នា ខណៈអ្នកវិនិយោគបានវាយតម្លៃឃើញថា ទិន្នន័យស្តុកប្រេងឆៅ និងប្រេងសាំងចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកបានកើនឡើងទាបជាងការព្យាករណ៍។

តម្លៃប្រេងឆៅ Brent futures  សម្រាប់ចែកចាយនៅខែឧសភា បានកើនឡើង២៩សេន ឬ០,៣៤ភាគរយ ដល់៨៦,៣៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0041 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានកើនឡើង៤១សេន ឬ០,៥០ភាគរយ ដល់៨១,៧៦ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រស្អែកនេះ ខណៈសន្ទស្សន៍នេះត្រូវបានគេព្យាករថា នឹងកើនឡើង០,៣% ក្នុងខែកុម្ភៈ ។

លោក Alex Turro អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures ដូចគ្នា បានលើកឡើងថា “យើងនឹងត្រូវពិនិត្យមើលថា តើអតិផរណារបស់សហរដ្ឋអាមេរិកអាចនឹងបន្តធ្លាក់ចុះឬយ៉ាងណា ដើម្បីបើកឱកាសឱ្យធនាគារ Fed បញ្ចុះអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៦០ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,៤១ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មុនពេលចេញផ្សាយទិន្នន័យអតិផរណាអាមេរិក ដែលអាចជះឥទ្ធិពលទៅលើគោលជំហរអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,០៥ភាគរយ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,១៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,០២ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១ខែ ក្នុងការជួញដូរដំបូង ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,១ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៨៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,១៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here