តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រាក់ដុល្លារងើបឡើងថ្លៃ ខណៈ លោក Christopher Waller ទេសាភិបាលធនាគារកណ្តាលអាមេរិក បានអះអាងថា លោកមិនប្រញាប់ប្រញាល់កាត់បន្ថយអត្រាការប្រាក់នោះទេ ដោយសំអាងទៅលើបញ្ហាអតិផរណា។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២២ភាគរយដល់ត្រឹម២១៨៩,១៩ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៧%ដល់ត្រឹម២១៨៩,១០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:១៤នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញនេះ តម្លៃមាស Spot Gold បានងើបឡើង០,៥%ដល់២១៨៩,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,៦% ដល់២២១២,៧ដុល្លារក្នុងមួយអោន។

អ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រស្អែកនេះ ខណៈសន្ទស្សន៍នេះត្រូវបានគេព្យាករថា នឹងកើនឡើង០,៣% ក្នុងខែកុម្ភៈ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Bob Haberkorn អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “ប្រសិនបើសន្ទស្សន៍ PCE កើនឡើងខ្ពស់ជាងការរំពឹងទុក នោះតម្លៃមាសអាចនឹងធ្លាក់ចុះ ប៉ុន្តែខ្ញុំរំពឹងថា ការធ្លាក់ចុះនឹងមានរយៈពេលខ្លីប៉ុណ្ណោះ រួចក៏ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស”។

ចំណែក លោក Alex Turro អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures ដូចគ្នា បានលើកឡើងថា “យើងនឹងត្រូវពិនិត្យមើលថា តើអតិផរណារបស់សហរដ្ឋអាមេរិកអាចនឹងបន្តធ្លាក់ចុះឬយ៉ាងណា ដើម្បីបើកឱកាសឱ្យធនាគារ Fed បញ្ចុះអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។

លោក Giovanni Staunovo អ្នក វិភាគនៅធនាគារ UBS បាន លើកឡើងថា“ធនាគារកណ្តាលនានាបន្តទិញមាសទុក ក្នុងគោលដៅធ្វើពិពិធកម្មទុនបម្រុងរូបិយប័ណ្ណរបស់ពួកគេ ដែលការណ៍នេះបានប៉ះប៉ូវ ការថយចុះនៃតម្រូវការរបស់អ្នកវិនិយោគ ដែលផ្តោតលើការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់ របស់សហរដ្ឋអាមេរិក”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៦០ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,៤១ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣២ភាគរយដល់២៤,៥៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៨ភាគរយដល់៨៩៧,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤៦%ដល់៩៨៧,៨៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៣៦នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here