ធនាគារ HSBCបង្កើតមូលនិធិតម្លៃ១ពាន់លានដុល្លារ ដើម្បីពង្រីកប្រាក់កម្ចីដល់បណ្តាក្រុមហ៊ុនក្នុងតំបន់អាស៊ាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃពុធនេះ ធនាគារ HSBC បានបញ្ជាក់ឱ្យដឹងថា ខ្លួនបានបង្កើតមូលនិធិតម្លៃ១ពាន់លានដុល្លារហៅថា ASEAN Growth Fund ដើម្បីផ្តល់ប្រាក់កម្ចីដល់បណ្តាក្រុមហ៊ុន ដែលកំពុងពង្រីកអាជីវកម្ម តាមរយៈវេទិកាឌីជីថលនៅទូទាំងតំបន់អាស៊ាន។

ធនាគារ ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងឡុងដ៍មួយនេះ កំពុងឈានជើងចូលទៅក្នុងទីផ្សារ សេដ្ឋកិច្ចឌីជីថលរបស់តំបន់អាស៊ាន ដែលជាទីផ្សារមួយ ស្ថិតក្នុងចំណោមទីផ្សាររីកចម្រើនយ៉ាងលឿនបំផុតផ្សេងទៀត នៅលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ HSBC រំពឹងថា សេដ្ឋកិច្ចឌីជីថលរបស់តំបន់អាស៊ាន នឹងកើនឡើង ដល់ទំហំទឹកប្រាក់៦០០ពាន់លានដុល្លារ នៅចុងទសវត្សរ៍នេះ បើធៀបនឹងទំហំទឹកប្រាក់២១៨ពាន់លានដុល្លារ កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNA។

លោកស្រី Amanda Murphy នាយិកាផ្នែកធនាគារពាណិជ្ជ HSBC ប្រចាំតំបន់អាស៊ីខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងក្នុងពិធីសម្ពោធមូលនិធិនេះថា “តំបន់អាស៊ាន មានសក្ដានុពលជាច្រើន ដូចជា កំណើនចំនួនប្រជាជន ដែលមានចំណេះដឹងផ្នែកឌីជីថល ការកើនឡើងនៃទំហំសេដ្ឋកិច្ច និងការត្រៀមខ្លួនជាស្រេច ក្នុងការប្រើប្រាស់ទំនិញ និងសេវាកម្មកាន់តែច្រើន ជាពិសេសគឺ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-commerce)”។

ក្រៅពីបង្កើតមូលនិធិ ផ្តល់ប្រាក់កម្ចី១ពាន់លានដុល្លារ ធនាគារ HSBC ក៏បានដាក់ចេញនូវមូលនិធិ បំណុលបណ្តាក់ទុន(venture debt fund )ចំនួន១៥០លានដុល្លារ ដល់ទីផ្សាររបស់ប្រទេសសិង្ហបុរី ដើម្បីផ្តល់ហិរញ្ញប្បទានដល់បណ្តាក្រុមហ៊ុន ដែលគាំទ្រដោយក្រុមហ៊ុនវិនិយោគទុន (Venture Capital) ឬក្រុមហ៊ុនមូលធនឯកជន (Private Equity)៕

LEAVE A REPLY

Please enter your comment!
Please enter your name here