ក្រសួងកសិកម្មដាក់ចេញយុទ្ឋសាស្រ្តបីសំខាន់សម្រាប់ជម្រុញបង្កើនផលិតភាពស្រូវ និងការនាំចេញ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ មាន​យុទ្ធសាស្ត្រ​ចំនួន​៣ គឺ​ទី​១.​ ជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ ​ទី​២.​ លើកកម្ពស់​បច្ចេក​ទេស​ប្រមូល​ផល​ និង​ក្រោយ​ប្រមូល​ផល​ស្រូវ និង​ទី​៣.​ លើក​​កម្ពស់​គុណភាព សុវត្ថិភាព និង​ក​សិ​ធុរកិច្ច​ស្រូវ​-​អង្ករ​។

ទិសដៅ​បន្ត​ក្រសួងកសិកម្ម ​នឹង​បន្ត​ជំរុញ​ផលិតកម្ម ​និង​ការប្រើ​ប្រាស់​គ្រាប់​ពូជស្រូវ​ គុណ​ភាពល្អ​ឱ្យបាន​ទូលំទូលាយ តាម​​រយៈ​ការពង្រឹង​ប្រព័ន្ធ​ពូជ​សុទ្ធ ​ផ្សារភ្ជាប់​នឹង​ទីផ្សារ តាមរយៈ​ការ​​ធ្វើ​កិច្ចសន្យា​កសិកម្ម​។​

ក្រសួងកសិកម្ម​ក៏បាន​ដាក់​ទិសដៅ​បន្ត​គាំទ្រ ​បច្ចេកទេស​ផលិត​កម្ម​ដំណាំ​ស្រូវ និង​ផលិត​កម្ម​គ្រាប់​ពូជស្រូវ​ ដល់​មន្ត្រី​ក​សិ​​កម្ម​ឃុំ​ចំនួន​ ២៥០នាក់​ ដែល​ទើបតែ​ប្រឡង​ជាប់​ថ្មីៗ និង​ជំរុញ​ការអនុវត្ត​បច្ចេក​ទេស​ផលិតកម្ម​ដំណាំ​ស្រូវ ​ប្រកបដោយ​ភាព​វៃឆ្លាត​នឹង​អាកាសធាតុ​កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម និង​បង្កើន​ប្រាក់ចំណេញ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ផែនការមេ​ សម្រាប់​អភិវឌ្ឍន៍​អនុវិស័យ​ដំណាំ​ឆ្នាំ​២០៣០ បានចង្អុលបង្ហាញ ​អំពី​បំណង​បង្កើន​ផលិតភាព​ដំណាំ​ស្រូវ​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​ការនាំចេញ​ តាមរយៈ​ការជំរុញ​ការអនុវត្ត​ទំនើបកម្ម​កសិកម្ម ខណៈ​សូចនាករ​នៃ​ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ស្រូវ​នៅ​ឆ្នាំ​២០៣០ គឺ​បង្កើន​ការផលិត​ស្រូវ​ឱ្យបាន​ជាង១៣​លាន​តោន និង​បង្កើន​ការនាំចេញ​អង្ករ​ឱ្យបាន​ជាង​១​លាន​តោន​។​

ក្រៅពីនេះ​ក្រសួង​ក៏មាន​ទិស​ដៅ​ ជំរុញ​ការប្រើប្រាស់ ​និង​លើកកម្ពស់​ការប្រើប្រាស់​ ប្រភេទ​ពូជ​ស្រូវ​ក្នុងស្រុក តាមរយៈ​ការ​ផ្សព្វ​ផ្សាយ ​និង​ភ្ជាប់​សហគមន៍​ផលិត​ស្រូវ ​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​ធំៗ​ក្នុង​តំបន់ និង​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម​គ្រាប់ពូជ​ស្រូវ តាមរយៈ​ការចុះបញ្ជី​អ្នក​ផលិត ​និង​ធ្វើ​អាជីវកម្ម​គ្រាប់ពូជ​ស្រូវ​។

លោកស្រី​រេ​ប៊ែ​ក​កា ប៊ែ​លតំណាងអង្គការFAOរបស់សហប្រជាតិបានមានប្រសាសន៍ថា ខណៈ​ប្រទេស​កម្ពុជា ​នឹង​ចាក​ចេញពី​ប្រទេ​ស​អភិវឌ្ឍន៍​តិចតួច​បំផុត ​ក្នុង​រយៈពេលមិនយូរនាពេលខាងមុខ ផលប៉ះពាល់​នៃ​ពន្ធ និង​លទ្ធភាព​ទទួលបាន​ទីផ្សា​រ​ គួរតែ​ត្រូវបាន​វិភាគ និង​ឱកាស​ត្រូវ​កំណត់​ ហើយ​ផែនការ​សកម្មភាព​ច្បាស់​លាស់​ក្នុងការ​ទទួលបាន​នូវ​អត្ថប្រយោជន៍ ​នៃ​ឱកាស​ពន្ធ​ទាំងនោះ​ក៏​គួរតែ​ត្រូវបាន​ធ្វើឡើង​ឱ្យ​ប្រសើរ​ផងដែរ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here