តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នា នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីរបាយការណ៍បង្ហាញថា ស្តុកប្រេងឆៅនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោកបានកើនឡើងចំនួន៩,៣លានបារ៉ែលកាលពីសប្តាហ៍មុន។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែឧសភាបានធ្លាក់ចុះ៦៩សេន ឬ០,៨ភាគរយ មកនៅត្រឹម៨៥,៥៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0150 GMT ។

ចំណែក តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures (WTI) សម្រាប់ចែកចាយនៅខែឧសភាបានធ្លាក់ចុះ៥៥សេន ឬ០,៧ភាគរយមកនៅត្រឹម៨១,០៧ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេព្យាករថា នឹងកើនឡើង០,៣% ក្នុងខែកុម្ភៈ ។ ប៉ុន្តែ ប្រសិនបើសន្ទស្សន៍នេះកើនឡើងខ្ពស់ជាងការព្យាករណ៍ នោះ ក្តី សង្ឃឹម នៃការបញ្ចុះ អត្រា ការ ប្រាក់ ក្នុង ខែ មិថុនាខាងមុខ ក៏នឹងត្រូវថយចុះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៧៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃវិញដល់១០៤,៣១ពិន្ទុនៅថ្ងៃពុធនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅព្រឹកថ្ងៃពុធនេះ ស្របពេលដែលក្រុមមន្ត្រីរបស់ធនាគារកណ្តាលអាមេរិក (Fed) នៅតែបង្ហាញមតិមិនច្បាស់លាស់ដដែល ជុំវិញកាលបរិច្ឆេទសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,២៣ភាគរយ គិតត្រឹមម៉ោង១០:០០នាទីព្រឹក។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃជាង១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៥៥ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៥០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៥ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,២៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,១១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here