វិស័យបច្ចេកវិទ្យានឹងផ្តួលវិស័យអចលនទ្រព្យ ឈានឆ្ពោះទៅជាប្រភពថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចចិន

ដោយ: គង់ លាងហួរ

ប៉េកាំង: វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ កំពុងជំរុញឱ្យតម្រូវការទំនិញ និងសេវាកម្មនៅប្រទេសចិនកើនឡើង ហើយការរួមចំណែករបស់វិស័យនេះ អាចប្រកួតប្រជែងនឹងវិស័យអចលនទ្រព្យ នៅឆ្នាំ២០២៦។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន ​​Bloomberg Economics។

លោកស្រី Chang Shu និងលោក Eric Zhu សេដ្ឋវិទូប្រចាំនៅស្ថាប័នសារពត៌មាន Bloomberg  បានសរសេរក្នុងរបាយការណ៍មួយថា “វិស័យបច្ចេកវិទ្យាជាន់ខ្ពស់មានសក្តានុពល និងអាចក្លាយជាប្រភ​ពនៃកំណើនសេដ្ឋកិច្ច ដ៏សំខាន់ជាងមុនឆ្ងាយណាស់” ។

វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់ចំណែកជិត១៩% នៃផលទុនជាតិសរុប(GDP)របស់ប្រទេសចិន នៅឆ្នាំ២០២៦ ដែលនឹងកើនឡើងពីចំណែក១៤,៣% កាលពីឆ្នាំ២០២៣​។ បច្ចុប្បន្ននេះ ការរួមចំណែករបស់វិស័យបច្ចេកវិទ្យាក្នុងទំហំផលទុនជាតិសរុបរបស់ប្រទេសចិន ជិតស្មើនឹងវិស័យអចលនទ្រព្យរួចទៅហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំងកំពុងស្វែងរកប្រភពថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលរដ្ឋាភិបាលចិនកំពុងខិតខំ កាត់បន្ថយការពឹងផ្អែកខ្លាំងពេក ទៅលើវិស័យអចលនទ្រព្យ ដែលកំពុងជាប់ផុងក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។

ក្រុមមន្ត្រីចិនកំពុងបន្តស្វែងរក “ការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់” ដែលនឹងផ្តោតលើការផលិតបច្ចេកវិទ្យាជាន់ខ្ពស់ និងបច្ចេកវិទ្យាច្នៃប្រឌិត ដូចជា បច្ចេកវិទ្យាព័ត៌មាន ទិន្នន័យធំ និងបញ្ញាសិប្បនិម្មិតជាដើម។

ក្រុមសេដ្ឋវិទូបានបញ្ជាក់ឱ្យដឹងថា កាលពីឆ្នាំ២០២៣កន្លងទៅ វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ នៅក្នុងប្រទេសចិន សម្រេចបានទំហំទឹកប្រាក់ចំនួន១៨ទ្រីលានយ័ន ដែលស្មើនឹងចំណែកប្រហែល១៤,៣% នៃផលទុនជាតិសរុបរបស់ប្រទេសចិន។

ចំណែកឯ វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៣ បានគ្របដណ្តប់ចំណែកប្រមាណ២០,១ភាគរយ នៃផលទុនជាតិសរុបរបស់ប្រទេសចិន។

ប៉ុន្តែក្រុមសេដ្ឋវិទូព្យាករថា សមាមាត្រនេះនឹងប្រែប្រួល នាពេលអនាគតដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្ន​នេះ វិស័យ​អចលន​ទ្រព្យ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​វិបត្តិ​ដ៏​ជ្រៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here