តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ខណៈ ពេលដែលអ្នក វិនិយោគ កំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយអំពីពេលវេលានៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៧ភាគរយដល់ត្រឹម២១៧៤,៨៧ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៨%ដល់ត្រឹម២១៧៥,៤០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៣នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញនេះ តម្លៃមាស Spot Gold បានងើបឡើង០,២%ដល់២១៧៦,៥៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,០៤% ដល់២១៧៧,២ដុល្លារក្នុងមួយអោន។

អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេព្យាករថា នឹងកើនឡើង០,៣% ក្នុងខែកុម្ភៈ ។ ប៉ុន្តែ ប្រសិនបើសន្ទស្សន៍នេះកើនឡើងខ្ពស់ជាងការព្យាករណ៍ នោះ ក្តី សង្ឃឹម នៃការបញ្ចុះ អត្រា ការ ប្រាក់ ក្នុង ខែ មិថុនាខាងមុខ ក៏នឹងត្រូវថយចុះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Bob Haberkorn អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “ប្រសិនបើសន្ទស្សន៍ PCE កើនឡើងខ្ពស់ជាងការរំពឹងទុក នោះតម្លៃមាសអាចនឹងធ្លាក់ចុះ ប៉ុន្តែខ្ញុំរំពឹងថា ការធ្លាក់ចុះនឹងមានរយៈពេលខ្លីប៉ុណ្ណោះ រួចក៏ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស”។

ចំណែក លោក Daniel Pavilonis អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់មួយរូបទៀត នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “តម្លៃមាសអាចប្រែប្រួល អាស្រ័យទៅលើការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)”។

តម្លៃហាងឆេងមាសបានហក់ឡើងថ្លៃនាពេលថ្មីៗនេះ ដោយសារកំណើននៃតម្រូវការប្រើប្រាស់គ្រឿងអលង្ការនៅក្នុងប្រទេសចិន និងការ សម្រុកទិញ មាសស្តុកទុកដោយធនាគារ កណ្តាល ចិន ដើម្បីបង្កើន ទុន បម្រុង មាស របស់ ខ្លួន ជា លំដាប់។

លោក Nitesh Shah អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន WisdomTree បានលើកឡើងថា “មូលហេតុ ដែលជំរុញលើកទឹកចិត្តឱ្យធនាគារកណ្តាលចិនបង្កើនទុនបម្រុងទិញមាស គឺដើម្បីធ្វើពិពិធកម្មចេញពីរូបិយប័ណ្ណនៃក្រុមប្រទេស G7 បន្ទាប់ពីរូបិយប័ណ្ណទាំងនេះត្រូវបានយកមកធ្វើជាអាវុធនៅឆ្នាំ២០២២ ដើម្បីដាក់ទណ្ឌកម្មរុស្សុី”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៧៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃវិញដល់១០៤,៣១ពិន្ទុនៅថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២៤ភាគរយដល់២៤,៣៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១ភាគរយដល់៩០២,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៥៣%ដល់៩៨៨,៣៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៤នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here