ក្រុមហ៊ុនកូរ៉េចំនួន៥ស្វែងរកកាលានុវត្តន៍ភាពនៃការពង្រីកនិងវិនិយោគនៅកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េចំនួន៥ផ្សេងៗគ្នា ដែលមួយចំនួនកំពុងវិនិយោគ នៅកម្ពុជា ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំនួន៥ផ្សេងៗគ្នា ជាបន្តបន្ទាប់បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី រួមមាន ទី១. លោក Eui-sun Chung ប្រធានក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានអាជីវកម្មផលិតរថយន្តច្រើនប្រភេទ រួមមានប្រភេទរថយន្តគ្រួសារ, រថយន្តដឹកទំនិញ, រថយន្តក្រុង, រថយន្តប្រភេទSUVs, MPV, និងអ៊ីដ្រូសែន, តួខ្សែថាមពល, និងគ្រឿងបន្លាស់រថយន្តជាដើម។

ក្រុមហ៊ុននេះ មានក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Camko Motor Co., Ltd. ដែលបានវិនិយោគបង្កើតរោងចក្រដំឡើង និងផលិតគ្រឿ​ងបង្គំអគ្គិសនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា លើទំហំផ្ទៃដីប្រមាណ១៦,៥ហិកតា តាំងពីឆ្នាំ២០០៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២. លោក Kyung-shik Sohn ប្រធានក្រុមហ៊ុន CJ Group គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មម្ហូបអាហារ ការកំសាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ភស្ដុភារកម្ម, និងបច្ចេកវិទ្យាជីវសាស្រ្ត(Biotechnology)។ ក្រុមហ៊ុន CJ Group គឺជាក្រុមហ៊ុនធំមួយរបស់កូរ៉េខាងត្បូង ដែលបង្កើតផលប័ត្រអាជីវកម្ម (Business portfolio) របស់ខ្លួនដោយផ្តោតទៅលើវិស័យចំនួន៤គឺ វិស័យម្ហូបអាហារនិងសេវាកម្មម្ហូបអាហារ, បច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology), ការកំសាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, និងការលក់រាយនិងភស្ដុភារកម្ម។ បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងមានដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើការវិនិយោគកែច្នៃចំណីសត្វ រួមមានចំណីសត្វជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

ទី៣ លោក Joo-Bong Park ប្រធានក្រុមហ៊ុន DAEJOO KC Group គឺជាក្រុមហ៊ុនដែលធ្វើអាជីវកម្មលើឧស្សាហកម្មដែក ភស្តុភារកម្ម, ឧស្សាហកម្មគីមី ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍ និងឧស្សាហកម្មសំណង់និងថាមពលជាដើម។

ក្រុមហ៊ុននេះ មានប្រតិបត្តិការនៅកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺក្រុមហ៊ុន CAMKO INFRACORE CO., LTD ដែលបានចុះបញ្ជីពាណិជ្ជកម្មកាលពីឆ្នាំ២០១៦ ដោយមានប្រតិបត្តិការអាជីវកម្មជោគជ័យ ក្នុងការផ្តល់សេវាថែទាំរថយន្តម៉ាក Hyundai, ការលក់គ្រឿងបន្លាស់រថយន្ត និងការចែកចាយផលិតផលថែរក្សាសម្រស់របស់កូរ៉េ។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកកម្ពុជាចំនួនប្រមាណ ៤០នាក់។

ទី៤. លោក Hee-beom Lee ប្រធានក្រុមហ៊ុន Booyoung Group ដែលជាក្រុមហ៊ុនបានចូលមកវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន វិស័យអចលនទ្រព្យ (សាងសង់ខុនដូ បុរី សណ្ឋាគារ ទីលានវាយកូនហ្គោល) សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

ទី៥ លោកបណ្ឌិត Chang Dae-Whan ប្រធានក្រុមហ៊ុន Maekyung Media Group  គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។

ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគ នៅប្រទេសកម្ពុជានៅឡើយ។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីឱកាសវិនិយោគ សក្ដានុពលរបស់ប្រទេសកម្ពុជា និងការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការសម្របសម្រួលវិនិយោគិន ដែលទាំងនេះជាធាតុចូលដ៏សំខាន់ ដែលក្រុមហ៊ុនអាចពិនិត្យក្នុងការដាក់ទុកវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here