តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ ប្រេង បាន កើនឡើង ក្នុង រយៈ ពេល ២ថ្ងៃ ជាប់ ៗគ្នា គិតត្រឹមថ្ងៃ អង្គារនេះ ដែល បណ្តាលមកពី ការ កាត់ បន្ថយ ផលិតកម្ម ប្រេងដោយប្រទេសរុស្ស៊ី និង ការ វាយ ប្រហារ ទៅលើ រោងចក្រ ចម្រាញ់ ប្រេង របស់រុស្ស៊ី។

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង២៣សេនដល់៨៦,៩៨ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0118 GMT ខណៈតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក WTI futures បានកើនឡើង២៨សេនដល់៨២,២៣ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក ដែលត្រូវបានព្យាករថា នឹងកើនឡើង០,៣% ក្នុងខែកុម្ភៈ ដោយរក្សាល្បឿនប្រចាំឆ្នាំក្នុងកម្រិត២,៨% ។ ប៉ុន្តែ ប្រសិនបើសន្ទស្សន៍នេះកើនឡើងខ្ពស់ជាងការព្យាករណ៍ នោះ ក្តី សង្ឃឹម នៃការបញ្ចុះ អត្រា ការ ប្រាក់ ក្នុង ខែ មិថុនា នឹងត្រូវថយចុះ។

សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

កាលពីថ្ងៃពុធ ទី២០ ខែមីនា ធនាគារកណ្តាលអាមេរិក(Fed) បានសម្រេចចិត្តរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ប៉ុន្តែ ធនាគារ Fed ក៏បានផ្តល់តម្រុយថា ខ្លួននឹងបញ្ចុះអត្រាការប្រាក់ចំនួន៣លើកនៅឆ្នាំនេះផងដែរ។

ទន្ទឹមនឹងនេះ លោក Jerome Powell ប្រធានធនាគារ Fed នឹងចូលរួមកិច្ចពិភាក្សា នៅក្នុងសន្និសីទគោលនយោបាយមួយនៅថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលទេសាភិបាលនៃធនាគារ Fed គឺលោកស្រី Lisa Cook និងលោក Christopher Waller ក៏គ្រោងនឹងបង្ហាញខ្លួនក្នុងសប្តាហ៍នេះផងដែរ។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៧៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃវិញដល់១០៤,១៨ពិន្ទុនៅថ្ងៃអង្គារនេះបន្ទាប់ពីបានធ្លាក់ថ្លៃចុះ០,២% កាលពីថ្ងៃច័ន្ទ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលក្រុមមន្ត្រីរបស់ធនាគារកណ្តាលអាមេរិក (Fed) នៅតែបង្ហាញមតិមិនច្បាស់លាស់ដដែល អំពីពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,២៨ភាគរយ គិតត្រឹមម៉ោង៩:៥៤នាទីព្រឹក។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,២៣ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,២០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,០៧៤ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,២៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here