ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Ajay Banga ប្រធានធនាគារពិភពលោក បានថ្លែងថា ធនាគារនេះ គ្រោងបោះពុម្ពផ្សាយទិន្នន័យបន្ថែមទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយទាក់ទាញអ្នកវិនិយោគឯកជនកាន់តែច្រើនចូលទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ថ្លែងនៅឯវេទិកាអភិវឌ្ឍន៍ប្រទេសចិនកាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមីនា លោក Banga បានបញ្ជាក់ថា ធនាគារពិភពលោកបានកៀរគរមូលធនឯកជនចំនួន៤១ពាន់លានដុល្លារសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន និងរៃអង្គាសប្រាក់ចំនួន៤២ពាន់លានដុល្លារពី វិស័យឯកជនសម្រាប់ការបោះផ្សាយសញ្ញាប័ណ្ណកាលពីឆ្នាំមុន។
ប៉ុន្តែ លោក បាន អះអាងថា យើងត្រូវ ការ វឌ្ឍនភាពបន្ថែម ទៀត ហើយ ធនាគារ កំពុង ចាត់ វិធានការ លើ ផ្នែក មួយ ចំនួន ដើម្បី ជម្នះ ឧបសគ្គ ដែលរារាំង ដល់ការ វិនិយោគ ពី វិស័យ ឯកជន ដល់ បណ្តាប្រទេស កំពុង អភិវឌ្ឍន៍។
លោក Banga បានបន្តថា កំណើនសេដ្ឋកិច្ចក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍បាននិងកំពុងធ្លាក់ចុះ ដោយកំណើននឹងធ្លាក់ចុះពី៦ភាគរយ មកនៅត្រឹម៤ភាគរយក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ។ លោកកត់សម្គាល់ថា ការធ្លាក់ចុះនេះបានអូសទាញមនុស្ស១០០លាននាក់ចូលទៅក្នុងភាពក្រីក្រ ខណៈដែលកម្រិតបំណុលកំពុងកើនឡើង។
លោក Banga បានកត់សម្គាល់ទៀតថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក៏ប្រឈមមុខនឹងគម្លាតដ៏មិនអាចនឹកស្មានដល់ រវាងមនុស្សវ័យក្មេងចំនួន១,១ពាន់លាននាក់ ដែលនឹងឈានជើងចូលទៅក្នុងទីផ្សារការងារ ក្នុងទសវត្សរ៍ក្រោយ ដែលនេះជាគម្លាតដ៏ធំ បើធៀបនឹងការព្យាករណ៍ថា គេអាចបង្កើតការងារបានត្រឹមតែ៣២៥លានកន្លែងប៉ុណ្ណោះ។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនទំនុកចិត្តរបស់វិនិយោគិន ធនាគារពិភពលោក សហការជាមួយបណ្តាស្ថាប័នអភិវឌ្ឍន៍ នឹងចាប់ផ្តើមបោះពុម្ពផ្សាយទិន្នន័យស្តីពីការងើបឡើងវិញនៃវិស័យឯកជន ដែលចាត់ថ្នាក់តាមកម្រិតប្រាក់ចំណូលរបស់ប្រទេស។
លើសពីនេះទៀត ទិន្នន័យស្តីពីការខកខានទូទាត់សងបំណុល របស់វិស័យឯកជន ដែលត្រូវបានបែងចែកដោយចំណាត់ថ្នាក់ឥណទាន នឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
លោក Banga បានបន្ថែមថា “ការងារទាំងអស់នេះរួមចំណែកដល់គោលដៅមួយ គឺដើម្បីទាក់ទាញដើមទុនពីក្នុងវិស័យឯកជនកាន់តែច្រើន ចូលទៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើតការងារ”៕