រដ្ឋមន្រ្តីបរិស្ថានចុះពិនិត្យទីតាំងត្រៀមដាំស្តារព្រៃឈើឡើងវិញ នៅក្នុងខេត្តពោធិ៏សាត់

        ដោយៈ គង់ ម៉ាលីនណា

        ពោធិសាត់ៈ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានចុះពិនិត្យដោយផ្ទាល់ នៅលើទីតាំងក្រុមហ៊ុនវិនិយោគចំនួន៥ ត្រង់ចំណុចភ្នំ១៥០០ នៃភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិស្រុកវាលវែង ខេត្តពោធិ៏សាត់ ដើម្បីធ្វើការដាំស្តារព្រៃឈើឡើងវិញ។

ការចុះពិនិត្យកាលពីថ្ងៃទី២៤ មិនាកន្លងមកនេះ បានធ្វើឡើងបន្ទាប់ពីបានវាយតម្លៃថា គម្រោងមិនបានអនុវត្តតាមគោការណ៍របស់រាជរដ្ឋាភិបាល និងមិនបានដំណើរការជាច្រើនឆ្នាំកន្លងមក ព្រមទាំងការដាំស្តារព្រៃ ដែលរិចរឹលនៅកន្លែងមួយចំនួនទៀត នៅក្នុងតំបន់ការពារធម្មជាតិនោះផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាន៍ថា ការដាំស្តារព្រៃឈើឡើងវិញនេះ គឺស្របទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើការ គ្រប់គ្រងធនធានធម្មជាតិ ឲ្យបានម៉ឺងម៉ាត់នៅទូទាំងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កន្លងមកនេះ ក្រសួងបរិស្ថានបានត្រៀមលក្ខណៈ ក្នុងការដាំស្តារព្រៃឈើជាង១លានដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ។ គិតមកដល់ពេលនេះ មន្ទីររាជធានី-ខេត្ត បានរៀបចំបណ្តុះកូនឈើ បានគ្រប់ផែនការ មានចំនួនជាង១លានដើមក្នុងការដាំស្តារព្រៃឈើ នៅរដូវវស្សាឆ្នាំ២០២៤នេះ ក្នុងនោះមន្ទីរបរិស្ថានរាជធានីខេត្តនានា  បានបណ្តុះកូនឈើ បានចំនួនជាង៧០ម៉ឺនដើម និងបានចែកជូនប្រជាពលរដ្ឋជាបណ្តើរៗយកទៅដាំតាមផ្ទះ សាលារៀន វតត្តអារាម និងនភតាមសហគមន៍ និងដោយឡែក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួនជាង៣០ម៉ឺន ដើមថែមទៀតសម្រាប់យុទ្ធនាការចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានបន្តថា តំបន់វិនិយោគអភិវឌ្ឍទេសចរណ៏ធម្មជាតិ ដែលមិនបានអនុវត្តតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋា ភិបាល គឺត្រូវបានដកហូតមកវិញ ដោយឃ្លុំទុក ដើម្បីដាំស្តារព្រៃឡើងវិញ។ ជាមួយគ្នានេះ ចំពោះតំបន់ព្រៃ ដែលបានពីការដកហូតត្រឡប់មកវិញ ពីការកាប់ទន្រ្ទាន និងព្រៃរិចរិលដោយធម្មជាតិ ក៏នឹងត្រូវដាំស្តារព្រៃឈើឡើងវិញផងដែរ ហើយការអនុវត្តដាំស្តារ គឺធ្វើឡើងទូទាំងប្រទេសតែម្តង ដើម្បីបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here