តម្លៃប្រេងបានកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានស្ថិតក្នុងសភាពទ្រឹង នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារការព្រួយបារម្ភអំពីការផ្គត់ផ្គង់សកលកាន់តែតឹងរ៉ឹង ដែលបណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន គួបផ្សំនឹងការថយចុះនៃការខួងយកប្រេងនៅសហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៤សេន ឬ០,៣ភាគរយ ដល់៨៥,៦៧ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0029 GMT ខណៈតម្លៃប្រេងឆៅអាមេរិក WTI futures បានកើនឡើង២៥សេនភាគរយដល់៨០,៨៨ដុល្លារក្នុងមួយបារ៉ែល។

នៅសប្តាហ៍នេះ អ្នកវិនិយោគនឹងផ្តោតមើលទៅលើទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក ដែលត្រូវបានព្យាករថា នឹងកើនឡើង០,៣% ក្នុងខែកុម្ភៈ ដោយរក្សាល្បឿនប្រចាំឆ្នាំក្នុងកម្រិត២,៨% ។ ប៉ុន្តែ ប្រសិនបើសន្ទស្សន៍នេះកើនឡើងខ្ពស់ជាងការព្យាករណ៍ នោះ ក្តី សង្ឃឹម នៃការបញ្ចុះ អត្រា ការ ប្រាក់ ក្នុង ខែ មិថុនា នឹងត្រូវថយចុះ។

សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

កាលពីថ្ងៃពុធ ទី២០ ខែមីនា ធនាគារកណ្តាលអាមេរិក(Fed) បានសម្រេចចិត្តរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ប៉ុន្តែ ធនាគារ Fed ក៏បានផ្តល់តម្រុយថា ខ្លួននឹងបញ្ចុះអត្រាការប្រាក់ចំនួន៣លើកនៅឆ្នាំនេះផងដែរ។

ទន្ទឹមនឹងនេះ លោក Jerome Powell ប្រធានធនាគារ Fed នឹងចូលរួមកិច្ចពិភាក្សា នៅក្នុងសន្និសីទគោលនយោបាយមួយនៅថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលទេសាភិបាលនៃធនាគារ Fed គឺលោកស្រី Lisa Cook និងលោក Christopher Waller ក៏គ្រោងនឹងបង្ហាញខ្លួនក្នុងសប្តាហ៍នេះផងដែរ។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៧៤ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃយ៉ាងគំហុកដល់ត្រឹម១០៤,៤៦ពិន្ទុនៅថ្ងៃច័ន្ទនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានស្ថិតក្នុងសភាពទ្រឹង នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈអ្នកវិនិយោគសម្តែងក្តីព្រួយបារម្ភថា ទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកដែលគ្រោងចេញផ្សាយនៅសប្តាហ៍នេះ អាចបន្ទាបទស្សនវិស័យនៃការបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានស្ថិតនៅក្នុងសភាពទ្រឹង។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៣៧ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,០៤៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,១៤ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here