តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈ ពេលដែលក្រុមអ្នក វិនិយោគ កំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រ សប្តាហ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៨ភាគរយដល់ត្រឹម២១៧២,៣៩ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៧៧%ដល់ត្រឹម២១៧៦,៦០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:២៣នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រ សប្តាហ៍មុន តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៧%ដល់២១៦៦,៥៧ដុល្លារក្នុងមួយអោន ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ១,១% ដល់២.១៦០ដុល្លារក្នុងមួយអោន។

នៅសប្តាហ៍នេះ អ្នកវិនិយោគនឹងផ្តោតមើលទៅលើទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក ដែលត្រូវបានព្យាករថា នឹងកើនឡើង០,៣% ក្នុងខែកុម្ភៈ ដោយរក្សាល្បឿនប្រចាំឆ្នាំក្នុងកម្រិត២,៨% ។ ប៉ុន្តែ ប្រសិនបើសន្ទស្សន៍នេះកើនឡើងខ្ពស់ជាងការព្យាករណ៍ នោះ ក្តី សង្ឃឹម នៃការបញ្ចុះ អត្រា ការ ប្រាក់ ក្នុង ខែ មិថុនា នឹងត្រូវថយចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក លោក Daniel Pavilonis អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “តម្លៃមាសអាចប្រែប្រួល អាស្រ័យទៅលើការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)”។

សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

កាលពីថ្ងៃពុធ ទី២០ ខែមីនា ធនាគារកណ្តាលអាមេរិក(Fed) បានសម្រេចចិត្តរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ប៉ុន្តែ ធនាគារ Fed ក៏បានផ្តល់តម្រុយថា ខ្លួននឹងបញ្ចុះអត្រាការប្រាក់ចំនួន៣លើកនៅឆ្នាំនេះផងដែរ។

ទន្ទឹមនឹងនេះ លោក Jerome Powell ប្រធានធនាគារ Fed នឹងចូលរួមកិច្ចពិភាក្សា នៅក្នុងសន្និសីទគោលនយោបាយមួយនៅថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលទេសាភិបាលនៃធនាគារ Fed គឺលោកស្រី Lisa Cook និងលោក Christopher Waller ក៏គ្រោងនឹងបង្ហាញខ្លួនក្នុងសប្តាហ៍នេះផងដែរ។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៧៤ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃយ៉ាងគំហុកដល់ត្រឹម១០៤,៤៦ពិន្ទុនៅថ្ងៃច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៦៨ភាគរយដល់២៤,៨៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានកើនឡើង១,១២ភាគរយដល់៩០៤,០៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,៦៤%ដល់១.០០២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤១នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here