ប្រជាពលរដ្ឋជាអ្នកបង់ពន្ឋ៩០ភាគរយបានប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការទូទាត់

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ប្រមាណ៩០​ភាគរយ ​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​កម្មវិធី​អេ​ឡិច​ត្រូ​​និក ​សម្រាប់​បង់ពន្ធ​នៅ​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធដារ​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ​(GDT)​។​

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល នៅក្នុង​កិច្ចពិភាក្សា​លើ​ប្រធានបទ “ការចាប់យក​សេវាសាធារណៈ​ឌីជីថល”នៃ​វេទិកា​រដ្ឋាភិបាល​ឌីជីថល ​និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល កាលពី​សប្តាហ៍​មុន បាន​លើកឡើងថា គិត​ចាប់ពី​អំឡុង​ឆ្នាំ ​២០១៣ រហូតដល់​បច្ចុប្បន្ន អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​កំពុង​ខិតខំ​ធ្វើការ​កែទម្រង់​មុត​ស្រួច ព្រមទាំង​បាន​ដកស្រង់​បទពិសោធន៍ និង​បច្ចេកទេស​ពី​រដ្ឋបាល​សារពើពន្ធ​ នៃ​ប្រទេស​មួយចំនួន ដើម្បី​ធ្វើ​បរិវត្ត​កម្ម​រដ្ឋ​បាល​សារពើពន្ធ​នៅ​កម្ពុជា ឱ្យក្លាយ​ទៅជា​រដ្ឋបាល​សារពើពន្ធ​ទំនើប​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា បច្ចុប្បន្ន​រដ្ឋបាល​សារពើពន្ធ​កម្ពុជា អាច​និយាយថា​ដើរ​ទាន់​យុគសម័យ​ឌីជីថល និង​ប្រកបទៅដោយ​សមត្ថភាព កម្រិត​វិជ្ជាជីវៈ​ខ្ពស់ ដែល​ផ្តល់​លទ្ធភាព និង​មធ្យោបាយ​ល្អប្រសើរ​សម្រាប់​អ្នក​ជាប់ពន្ធ​ក្នុង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​។​

លោក​បន្ថែមទៀតថា ការចាប់យក​ប្រព័ន្ធ​បច្ចេក​​វិទ្យា​ព័ត៌មាន​សម្រាប់​ជា​មធ្យោបាយ​ ក្នុង​ការផ្តល់សេវា​អ្នក​ជាប់ពន្ធ​នេះ គឺ​មិន​ត្រឹមតែ​សម្រួល​ដល់​ការបំពេញ​កាតព្វកិច្ច ​សារពើពន្ធ​របស់​អ្នក​ជាប់ពន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​បញ្ចៀស​ហានិភ័យ ​កើតឡើង​ដោយ​ឥត​ព្រាងទុក​មួយចំនួនទៀត ជាក់ស្តែង​ស្ថិតក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ទោះបី​ជាមាន​ការបិទ​ខ្ទប់ និង​បម្រាម​ក្នុងការ​ធ្វើដំណើរ ក៏​ការប្រមូល​ចំណូល​ពន្ធ​នៅតែ​រក្សាបាន​ស្ថិរភាព​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោកឧកញ៉ាឈិន កេ​នបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ន​រដ្ឋាភិបាល​ក​ម្ពុ​ជា​កំពុង​សម្រួច​យុទ្ធសាស្ត្រ​ឌីជីថល​របស់ខ្លួន​ តាម​រយៈ​ការ​ជំរុញ​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ទាំងអស់ ​ឱ្យប្រើ​​ប្រាស់​ប្រព័ន្ធ​ឌីជីថល​។ ប្រព័ន្ធ​នេះ​ជួយ​ឱ្យ​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ ​ទទួលបាន​ផលចំណេញ​ទាំង​ថវិកា ពេលវេលា និង​មិនមាន​នីតិវិធី​ស្មុគស្មាញ​។

លោក​បន្តថា យន្តការ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ​នៅពេលនេះ​គឺ​ការប្រើប្រាស់e-filing System ដែល​អនុញ្ញាតឱ្យ​ម្ចាស់​អាជីវកម្ម​អាចធ្វើ​ការប្រកាស​ពន្ធ​ប្រចាំខែ ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ធ្វើបាន​ពី​គ្រប់​ទីតាំង និង​គ្រប់ពេលវេលា​។​

លោក​ថ្លែងថា​ “​នេះ​ជា​យន្ត​ការល្អ ​ដែល​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម និង​អ្នក​ជាប់​កាត​ព្វ​កិច្ច​ពន្ធ​ទាំងអស់​។ វា​មាន​ភាពខុសប្លែក​ពីមុន​ច្រើន​ដែល​តម្រូវឱ្យ​ត្រូវ​រង់ចាំ និង​មិនមាន​ចំណាយ​ក្រៅផ្លូវការ​ផងដែរ”​។

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបាន​និយាយថា ការមកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ព្រមទាំង​វត្តមាន​ជំងឺ​កូ​វីដ​១៩ កាលពីដើមឆ្នាំ​២០២០ បាន​ជំរុញ​ឱ្យ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​នៅ​កម្ពុជា​ បោះជំហាន​ទៅមុខ​យ៉ាង​លឿន​។

លោកបន្តថា ​កំណើន​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ក្នុង​វិស័យ​ពន្ធដារ គឺ​ដោយសារ​ប្រព័ន្ធ​នេះ ​មាន​ភាពងាយស្រួល និង​ជួយ​ឱ្យ​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ មាន​ភាពងាយស្រួល និង​មិនមាន​ការចំណាយ​ក្រៅផ្លូវការ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here