ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ដ្រីកសិកម្ម លោកឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានប្រកាសប្ដេជ្ញាធ្វើយ៉ាងណា ឱ្យខេត្តបន្ទាយមានជ័យ ក្លាយជាខេត្តដែលល្អដាច់គេក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាជន។
លោកឌិត ទីណា កំពុងស្ថិតនៅក្នុងដំណើរបេសកកម្មរយៈពេលពេញមួយសប្ដាហ៍ ដើម្បីជួបប្រជុំជាមួយក្រុមការងារ ចុះមូលដ្ឋាននៅស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ។
ស្រុកថ្មពួក គឺជាស្រុកទី៤ហើយ ដែលឯកឧត្តមរដ្ឋមន្ដ្រី បានជួប និងស្ដាប់របាយការណ៍ ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន។
ថ្លែងទៅកាន់អង្គប្រជុំ លោករដ្ឋមន្ដ្រីបានលើកទឹកចិត្តដល់មន្ដ្រីរាជការ និងអាជ្ញាធរនៅឃុំទាំង៦នៃស្រុក បន្តយកចិត្តទុកដាក់បម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។
សេវាសាធារណៈដែលល្អ និងលឿនរហ័ស សម្រាប់លោករដ្ឋ មន្ដ្រី នឹងជួយសម្រួលដល់ប្រជាជន នៅក្នុងមូលដ្ឋាននីមួយៗ ដែលអាចរួមចំណែកក្នុងការលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
កិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក និងថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីមូលដ្ឋាននៃស្រុកថ្មពួក៕