កម្ពុជា និងអាស៊ែបៃហ្សង់ពិភាក្សាការជំរុញទំនាក់ទំនងទ្វេរភាគី

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យលោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់ (១៩៩៤-២០២៤) ហើយបានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងប្រកបដោយភាពស្និទ្ធស្នាល និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នា ទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគ ដោយពិនិត្យលទ្ធភាពរៀបចំឱ្យមាន ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតរដ្ឋមន្ត្រី នាពេលអនាគត ក្នុងគោលបំណងកំណត់ទិសដៅ និងអាទិភាពជាក់ស្តែង ក្នុងវិស័យសក្តានុពលនានា។

ឧបនាយករដ្ឋមន្រ្តី និងអគ្គរដ្ឋទូតបានរំលឹកពីការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេរភាគីលើកទី ៣ ដែលបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា រវាងក្រសួងការបរទេសទាំងពីរ កាលពីខែមិថុនា ឆ្នាំ២០២២ នៅអាស៊ែបៃហ្សង់ ហើយបានពិភាក្សាអំពីការត្រៀមរៀបចំ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ តាមពេលវេលាសមស្រប៕

LEAVE A REPLY

Please enter your comment!
Please enter your name here