ប្រជាជនចិនដីគោកសម្រុកចូលមកទិញផ្ទះនៅទីក្រុងហុងកុង ក្រោយពីមានការលើកទឹកចិត្តផ្នែកពន្ធ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រជាជនមកពីតំបន់ចិន កំពុងសម្រុកទិញផ្ទះ នៅក្នុងទីក្រុងហុងកុង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីរដ្ឋបាលក្រុងហុងកុង បានលុបចោលពន្ធប្រថាប់ត្រាបន្ថែម លើអ្នកទិញបរទេសទាំងអស់។

ការកើនឡើងនៃចំនួនអ្នកទិញ មកពីប្រទេសចិនកើតឡើង ស្រ​ប​​​ពេលដែលទំនុកចិត្ត ទៅលើទីផ្សារលំនៅដ្ឋានរបស់តំបន់ចិនដីគោក កំពុងដាំក្បាលចុះ ដោយសារតែវិបត្តិបំណុល និងទស្សនវិស័យសេដ្ឋកិច្ចមិនច្បាស់លាស់។

នាពេលនេះ ចំនួន២០% ទៅដល់៣០% នៃការលក់ផ្ទះថ្មីសរុបនៅក្នុងទីក្រុងហុងកុង  គឺត្រូវបានលក់ទៅឱ្យប្រជាជនចិនដីគោក ដោយថ្មីៗនេះ អ្នកទិញមួយចំនួនថែមទាំងបាន ទិញអាផាតម៉ិនចំនួន៨យូនីតក្នុងពេលតែមួយ។ នេះបើយោងតាមការប៉ាន់ប្រមាណដោយអ្នកជំនាញអចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីចុងខែកុម្ភៈកន្លងទៅ ទីក្រុងហុងកុងបានលុបចោលពន្ធប្រថាប់ត្រាបន្ថែមទាំងអស់ រួមមាន ពន្ធប្រថាប់ត្រាចំនួន៧,៥ភាគរយ ចំពោះអ្នកទិញផ្ទះ ដែលមិនមែនជាអ្នករស់នៅអចិន្ត្រៃយ៍ ក្នុងទីក្រុងហុងកុង។

ទន្ទឹមនឹងនេះ ពន្ធចុះបញ្ជីចំនួន៧,៥ភាគរយ សម្រា​ប់អ្នកទិញផ្ទះទីពីរបន្ថែម និងពន្ធចុះបញ្ជីចំនួន១០ ទៅ១២ភាគរយ សម្រាប់អ្នកលក់ផ្ទះ ក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីទិញរួច ក៏ត្រូវបានលុបចោលផងដែរ។

វិធានការលើកទឹកចិត្តនេះ ត្រូវបានដាក់ចេញ បន្ទាប់ពីតម្លៃផ្ទះនៅក្រុងហុងកុងបានធ្លាក់ចុះជាង២០% ពីកម្រិតកំពូលឆ្នាំ២០២៣ ដោយសារតែអត្រាការប្រាក់ លើកម្ចីទិញផ្ទះកើនឡើងខ្ពស់ ការចាកចេញនៃអ្នកមានទេពកោសល្យ និងទស្សនវិស័យទីផ្សារមិនអំណោយផល។

ប៉ុន្តែទោះបីជាការលក់បានកើនឡើងយ៉ាងណាក្តី ក៏តម្លៃផ្ទះនៅតែបន្តថយចុះ ស្របពេលដែលអ្នកអភិវឌ្ឍន៍ កំពុងលក់បញ្ចុះតម្លៃ ដើម្បីជំរុញតម្រូវការ។

ក្រុមហ៊ុន S&P Global Ratings បានប៉ាន់ប្រមាណថា ទំហំប្រតិបត្តិការនៅឆ្នាំនេះ នឹងស្ទុះងើបឡើងវិញ ក្នុងកម្រិតមធ្យមធៀបនឹងឆ្នាំមុន ដោយសារអត្រាការប្រាក់នៅតែមានកម្រិតខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here