សហភាពមីយ៉ាន់ម៉ាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរ៉ឹងមាំជាមួយកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកKyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ លោកKyaw Soe Min បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី បានអរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងផ្តល់ជំនួយដល់ប្រទេស និងប្រជាជនមីយ៉ាន់ម៉ាក្នុងអំឡុងពេលកូវីដ-១៩ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត បានគោរពរំឭកជូនសម្តេចធិបតី អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ហើយលោកក៏បានបង្ហាញពីការបេ្តជ្ញាចិត្ត ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកKyaw Soe Min និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដែលមានជាយូរអង្វែងមកហើយ។

ទន្ទឹមនឹងនោះ សម្តេចធិបតី ក៏បានអបអរសាទរចំពោះ លោកKyaw Soe Min ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា។

សម្តេចធិបតី បានបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺនៅតែបន្តអនុវត្តគោលនយោបាយ ដូចរាជរដ្ឋាភិបាលនីតិកាលមុនៗ ដោយបន្តនូវការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-មីយ៉ាន់ម៉ា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here