ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣តម្លៃជិត២០លានដុល្លារ បានបើកដំណើរការនៅខេត្តព្រះសីហនុ

        ដោយៈ គង់ ម៉ាលីនណា

        ព្រះសីហនុៈ លោកឧបនាយករដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាយ សំអាល់ បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពផលិតទឹកកខ្វក់ បានចំនួន២០,០០០ម៉ែត្រគីបក្នុងមួយថ្ងៃ។

ពិធីនេះប្រារព្ធធ្វើនៅបរិវេណស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា គោលបំណងបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាតស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយរបស់MABR ទទួលស្គាល់ថា ជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់។ សន្សំសំចៃថាមពលគ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ មានផ្ទៃដី២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ សាងសង់ដោយក្រុមហ៊ុន អិកវ៉ធើរថេកណឡជី (XWATER TECHNOLOGY CO.,LTD) ចំណាយថវិកាសរុបចំនួន ១៩.៩៥៩.៩០០ដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសាយ សំអាល់បានមានប្រសាសន៍ថា អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ជាសមិទ្ធផលពីអាណត្តិមុន ដែលជាការលះបង់ដ៏ត្រឹមត្រូវ និងការចង្អុលបង្ហាញពីអាណត្តិមុន ហើយអាណត្តិនេះយើងបានទទួលផ្លែផ្កា យើងត្រូវខិតខំប្រឹងប្រែងបន្តទៀត។ ហើយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងជាគំរូ ដែលមានផ្លូវឡាន ម៉ូតូ កង់ ផ្លូវដើរ ការដាំដើមឈើលម្អរក្រុង ការរៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ខ្សែកាបអ៊ុបតិក ជាគំរូមុនគេ។

លោកបន្តថា យើងមានផែអន្តរជាតិ មានសកម្មភាពរស់រវើក ព្រលានយន្តហោះ ភ្លើងអគ្គិសនី ទឹកស្អាត ហើយការរៀបចំក្រុងរបស់ខេត្តព្រះសីហនុ ទោះបីថា មិនទាន់ល្អឥតខ្ចោះ ក៏ប៉ុន្តែចេញជាលំនាំទីក្រុងស្អាតតូចច្រឡឹង ងាយស្រួលរស់នៅ ជាទីក្រុងដែលមានសេដ្ឋកិច្ចខ្ពស់។ យើងត្រូវរួមគ្នាដឹកនាំទៅមុខបន្ត ដំណើរការរបស់រដ្ឋាភិបាល សាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់រដ្ឋបាល គ្រប់លំដាប់ថ្នាក់ក្នុងខេត្តរបស់យើង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ រក្សាកំណើនសេដ្ឋកិច្ច ទន្ទឹមនោះយើងត្រូវមានផែនការច្បាស់លាស់ និងចូលរួមផ្សព្វផ្សាយអំពីចំណុចវិជ្ជមានរបស់ខេត្តរបស់យើង ដែលមានហាងស្អាត ម្ហូបឆ្ងាញ់ កន្លែងស្នាក់នៅល្អ ដើម្បីទាក់ទាញអ្នកភ្នំពេញឱ្យមកលេងកម្សាន្ត។

លោកបន្តថា យើងចង់ឱ្យមានថ្ងៃណា ក៏ជាល្ងាចថ្ងៃសុក្រសម្រា​ប់អ្នកកំពង់សោម។ ដូច្នេះមានតែយើងទាំងអស់គ្នា ចូលរួមបង្ហោះ Facebook នូវតំបន់ទេសចរណ៍ ឆ្នេរ កោះ និងរមណីយដ្ឋានសំខាន់ៗឱ្យបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here