វិស័យសំខាន់ៗមួយចំនួនក្រៅពីអចលនទ្រព្យកំពុងជំរុញឱ្យសេដ្ឋកិច្ចចិនបង្ហាញសញ្ញាវិជ្ជមាន

ដោយ: គង់ លាងហួរ

ប៉េកាំង: វិស័យលក់រាយ និងវិស័យផលិតកម្ម របស់ប្រទេសចិន បានកើនឡើងខ្ពស់ជាងការព្យាករណ៍ ក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ ដែលត្រូវបានជំរុញដោយការចាយវាយ របស់ប្រជាជន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បង្ហាញថា ការលក់រាយក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ បានកើនឡើង ៥,៥ភាគរយ ខណៈទិន្នផល​រោងចក្រ​បាន​កើនឡើង៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នា​​កាលពីឆ្នាំ​២០២៣។

ជាមួយគ្នានេះ ការនាំចេញ និងស្ថានភាពអតិផរណានៅឯប្រទេសចិន ក៏មានភាពល្អប្រសើរជាងការរំពឹងទុកផងដែរ។ ជាពិសេ ស ពិធីបុណ្យចូលឆ្នាំសកល២០២៤ បានជួយឱ្យប្រាក់ចំណូលពីវិស័យទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន កើនសន្ទុះគួរឱ្យកត់សម្គាល់។ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនរយៈពេល៨ថ្ងៃ កាលពីខែកុម្ភៈ គេសង្កេតឃើញ តម្រូវការធ្វើដំណើរនៅចិន ប្រទេសកើនឡើងយ៉ាងគំហុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ការវិនិយោគលើទ្រព្យសកម្ម នៅប្រទេសចិនបានកើនឡើង ៤,២ភាគរយ ក្នុងរយៈពេល២ខែដំបូងដើមឆ្នាំនេះ បើធៀបនឹងឆ្នាំមុន និងខ្ពស់ជាងការព្យាករណ៍៣,២ភាគរយ។ ទន្ទឹមនឹងនេះ ការវិនិយោគឯកជន បានកើនឡើង០,៤ភាគរយ ក្នុងរយៈពេល២ខែដំបូងដូចគ្នា។

ទិន្នន័យដ៏ល្អប្រសើរទាំងនេះ បានលើកទឹកចិត្តដល់ក្រុមអ្នកបង្កើតគោលនយោបាយចិន ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបាន នូវគោលដៅកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២៤នេះ។

ទោះជាយ៉ាងនេះក្តី វិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចចិន មិនទាន់អាចងើបចេញផុតពីវិបត្តិបាននៅឡើយ។ ការ​លក់​អចលន​ទ្រព្យ​ ដែល​វាស់​តាមទំហំ​ផ្ទៃ​ក្រឡា(Floor Area) បាន​ដាំក្បាលចុះ​២០ភាគរយ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ​ បើ​ធៀប​នឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ក្រុមសេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs បានព្យាករថា កំណើនផលទុនជាតិសរុប (GDP) របស់ប្រទេសចិន នឹងនៅតែរឹងមាំ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ បើទោះបីជាវិស័យមួយចំនួនកំពុងដុនដាបយ៉ាងណាក្តី។ ប៉ុន្តែប្រទេសចិន ត្រូវដាក់ចេញគោលនយោ បាយជាច្រើនទៀត ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤នេះ។

កាលពីដើមខែមីនានេះ លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន បានមានប្រសាសន៍ឱ្យដឹងថា “យើងនៅតែមានឱកាសកាត់បន្ថយអត្រា សមាមាត្រតម្រូវការទុនបម្រុង (RRR) របស់បណ្តាធនាគារនានា បន្ទាប់ពីយើងបានកាត់បន្ថយ ចំនួន០,៥ភាគរយកាលពីខែមករាឆ្នាំនេះ”។

ចំណែក នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្តេជ្ញា នៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំ នៅដើមខែមីនានេះថា លោកនឹងផ្លាស់ប្តូរគំរូកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងកាត់បន្ថយហានិភ័យក្នុងវិស័យអចលនទ្រព្យ និងបំណុលរដ្ឋបាលក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here