តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នា នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ខណៈអ្នកវិភាគមើលឃើញលទ្ធភាពបង្កើតបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលអាចបន្ធូរបន្ថយកង្វល់ភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា បូករួមទាំងការងើបឡើងថ្លៃនៃប្រាក់ដុល្លារ និងការធ្លាក់ចុះនៃតម្រូវការប្រេងសាំងរបស់សហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤២សេន ឬ០,៥ភាគរយ មកនៅត្រឹម៨៥,៣៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0203 GMT ខណៈតម្លៃប្រេងឆៅអាមេរិក WTI futures បានធ្លាក់ចុះ៤០សេន ឬ០,៥ភាគរយដល់៨០,៦៧ដុល្លារក្នុងមួយបារ៉ែល។

សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃអង្គារកន្លងទៅ ធនាគារកណ្តាលជប៉ុន(BOJ) បានសម្រេចចិត្តកែប្រែគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយដំឡើងអត្រាការប្រាក់ពីក្នុងរង្វង់-០,១% ទៅ០,១%វិញ។

ចំណែក កាលពីថ្ងៃពុធ ទី២០ ខែមីនានេះ ធនាគារកណ្តាលអាមេរិក(Fed) បានសម្រេចចិត្តរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ប៉ុន្តែ ធនាគារ Fed ក៏បានផ្តល់តម្រុយថា ខ្លួននឹងបញ្ចុះអត្រាការប្រាក់ចំនួន៣លើកនៅឆ្នាំនេះផងដែរ។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៧២ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាស៧៥ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃយ៉ាងគំហុកដល់ត្រឹម១០៣,៩៤ពិន្ទុនៅថ្ងៃសុក្រនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ ពី ប្រាក់ដុល្លារងើបឡើងថ្លៃ ខណៈអ្នកវិនិយោគបានបន្ទាបក្តីសង្ឃឹមនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed)ក្នុងខែមិថុនាខាងមុខ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ១,២៧ភាគរយ គិតត្រឹមម៉ោង៩:៥៦នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,០៧១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ២,៤៨ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ១,៣៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ១,៣៧ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៤៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៣០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here