ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ឋអេឡិកត្រូនិកហក់ឡើងខ្ពស់

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកស្រី ​ជា សិរី ទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា​ថ្លែងថា ការប្រើប្រាស់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​បាន​ហក់ឡើងរហូតដល់៤៤​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២​។​

​លោកស្រី​បាន​ថ្លែង​បែបនេះ ​ក្នុង​សិក្ខាសាលា​ខួប​លើក​ទី​៤៤ នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ ​ដើម្បី​ប្រាក់រៀល និង​ប្រព័ន្ធ​បាគង នា​ថ្ងៃទី ​២០ ខែមីនា ឆ្នាំ​ ២០២៤ នៅ​មជ្ឈមណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ រាជធានី​ភ្នំពេញ​។

ក្នុងទិសដៅ​លើកកម្ពស់​ ការប្រើប្រាស់​ប្រាក់រៀល ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ខិតខំ សម្រួលការ​ប្រើប្រាស់​ប្រាក់រៀល​ឱ្យមាន​ភាព​ងាយ​​ស្រួល​ជា​បន្តបន្ទាប់​។ ក្នុងចំណោម​វិធានការ​នានា​ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក ជាពិសេស​ប្រព័ន្ធ​បា​គង​ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​សម្រួល ​ដល់​ការទូទាត់​ប្រាក់រៀល ​ឱ្យ​កាន់​តែមាន​ភាព​ទាន់សម័យ​ឆាប់រហ័ស និង​ចំណាយ​តិច​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​លោកស្រីជា សិរីបាន​បន្តថា​ ​លើសពីនេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ជំរុញ​ការតភ្ជាប់ ​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេសជិតខាង និង​ក្នុង​តំបន់​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​គណនី​ជា​ប្រាក់រៀល​អាច​ទូទាត់​បាន​តាម​ប្រព័ន្ធ​ឃ្យូ​អរ​កូដ ​(QR code)​ បាន​ងាយស្រួល​នៅក្នុង​ប្រទេស​ទាំងនោះ​។​

លោកស្រី​បានបញ្ជាក់ថា “ការតភ្ជាប់​នេះ ​ក៏បាន​អនុញ្ញាតឱ្យ​ទេសចរ​បរទេស​អាច​ទូទាត់​តាមរយៈ ​QR code នៅតាម​ហាង​ទំនិញ​នានា​នៅ​កម្ពុជា ដែល​ហាង​ទាំងនោះ​ នឹង​ទទួលបាន​ការទូទាត់​នេះ​ជា​ប្រាក់រៀល​”។

លោកស្រី​បន្តថា ក្រៅពីនេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ប្រព័ន្ធ​ធនាគារ តាមរយៈ​ការដាក់ចេញ​បទ​ប្បញ្ញត្តិ ដែលមាន​លក្ខណៈ​អំណោយផល ​ដល់​ការប្រើប្រាស់​ប្រាក់រៀល រួមមាន ការយក​កម្រៃ​សេវា​លើ​ប្រតិបត្តិការ​ ជា​ប្រាក់រៀល​ទាប​ជាង​រូបិយប័ណ្ណ​បរទេស ការ​តម្រូវឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​ឥណទាន​ ជា​ប្រាក់រៀល​យ៉ាងតិច១០ភាគរយ នៃ​ឥណទាន​សរុប និង​វិធានការ​មួយចំនួន​ផ្សេងទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here