តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រាក់ដុល្លារងើបឡើងថ្លៃ ខណៈ អ្នក វិនិយោគ រំពឹងថា អត្រា ការ ប្រាក់ របស់ សហរដ្ឋ អាមេរិក នៅតែមានកម្រិតខ្ពស់ និងមិន ទាន់ ធ្លាក់ ចុះ នៅ ឡើយ បើទោះបីជាធនាគារកណ្តាលអាមេរិកអះអាងថា ខ្លួននឹងបញ្ចុះអត្រាការប្រាក់ចំនួន៣លើក នៅឆ្នាំនេះយ៉ាងណាក្តី។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៧ភាគរយដល់ត្រឹម២១៧៩,២៩ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣២%ដល់ត្រឹម២១៧៧,៧០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៣២នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣%ដល់២១៨០,៤៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង១,១% ដល់២១៨៤,៧ដុល្លារក្នុងមួយអោន។

លោក Daniel Ghali អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “សន្ទុះនៃការសម្រុកទិញមាសយ៉ាងគំហុកកាលពីម្សិលមិញបានថយចុះមកវិញ ហើយតម្លៃមាសកំពុងប្រែប្រួល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក លោក Daniel Pavilonis អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “តម្លៃមាសអាចប្រែប្រួល អាស្រ័យទៅលើការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)”។

សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

កាលពីថ្ងៃអង្គារកន្លងទៅ ធនាគារកណ្តាលជប៉ុន(BOJ) បានសម្រេចចិត្តកែប្រែគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយដំឡើងអត្រាការប្រាក់ពីក្នុងរង្វង់-០,១% ទៅ០,១%វិញ។

ចំណែក កាលពីថ្ងៃពុធ ទី២០ ខែមីនានេះ ធនាគារកណ្តាលអាមេរិក(Fed) បានសម្រេចចិត្តរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ប៉ុន្តែ ធនាគារ Fed ក៏បានផ្តល់តម្រុយថា ខ្លួននឹងបញ្ចុះអត្រាការប្រាក់ចំនួន៣លើកនៅឆ្នាំនេះផងដែរ។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៧២ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាស៧៥ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃយ៉ាងគំហុកដល់ត្រឹម១០៣,៩៤ពិន្ទុនៅថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៩៦ភាគរយដល់២៤,៥៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៦១ភាគរយដល់៩១៧,០៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៤៥%ដល់៩៩៥,៧៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៣៧នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here