NBCចុះMOUជាមួយABCដើម្បីផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្តសេដ្ឋកិច្ច

ដោយៈ និស្ស័យ

        ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយសមាគមធនាគារកម្ពុជា(ABC)លើការផ្សព្វផ្សាយប្រវត្តិសាស្រ្តទាក់ទងសេដ្ឋកិច្ច និងរូបិយវត្ថុនៅកម្ពុជា។

ពិធី​ចុះ MoU​ នេះ ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០២៤ នៅ​សារមន្ទីរ ស​.​ស​.​រ​ ដោយមាន​ការចូលរួម​ពី​សំណាក់​លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​នៃ​ស្ថាប័ន​ទាំង២​។

​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា លោក Raymond Sia​បាន​និយាយថា ការផ្សព្វផ្សាយ និង​ការផ្តល់​ចំណេះដឹង​អំពី​ហិរញ្ញវត្ថុ​ទៅដល់​ប្រជាពលរដ្ឋ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែងថា “​យើង​ជឿជាក់ថា ការអប់រំ​នឹង​បង្កើន​ចំណេះដឹង ហើយ​កិច្ចសហការ​នេះ គឺជា​ការវិនិយោគ​ផ្ទាល់​លើ​ស្ថិរភាព ភាពរឹងមាំ និង​ភាព​ធន់​ផ្នែក​ហិរញ្ញវត្ថុ​នាពេល​អនាគត ​នៃ​វិស័យ​ធនាគារ ក៏ដូចជា ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ​”​។​

ចំណែក​សហប្រធាន​នៃ​សារមន្ទីរ ស​.​ស​.​រ លោក Blaise Kilian ​បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​នេះ ​នឹង​ផ្តល់ឱកាស​ដល់​គ្រឹះស្ថាន​អប់រំ​រដ្ឋ​នាំ​សិស្សានុសិស្ស ​រាប់ពាន់នាក់​មកកាន់​សារមន្ទីរ ស​.​ស​.​រ នៅក្នុង​ឆ្នាំ​ខាងមុខនេះ​។​

លោក​បញ្ជាក់ថា “ខ្ញុំ​សូម​អរគុណ ​ចំពោះ​ការគាំទ្រ​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា ​និង​សមាជិក​ដែល​បានបង្ហាញ ​ពី​ការប្តេជ្ញាចិត្ត​របស់​ពួកគាត់​ ក្នុងការ​លើកកម្ពស់​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ ​ដែលជា​កត្តា​សំខាន់​មួយ​ សម្រាប់​កំណើនសេដ្ឋកិច្ច ​ប្រកបដោយ​បរិ​យាប​ន្ន​នៅ​កម្ពុជា​”​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន MoU នេះ​ ត្រូវបាន​ធ្វើឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​ចំនួន ​៣ រួមមាន ១. មូលនិធិ​រួម​សម្រាប់​ដំណើរ​ទស្សនកិច្ច​សិក្សា ដោយ ABC នឹង​អំពាវនាវ​ឱ្យ​សមាជិក​របស់ខ្លួន​ផ្ដល់​មូលនិធិ ​ដើម្បី​គាំទ្រ​ការ​ទៅ​ទស្សនកិច្ច​សារមន្ទីរ ស​.​ស​.​រ​, ទី​២ ការផ្តល់​នូវ​ទស្សនកិច្ច ២​ដង​ក្នុង ១ ​ឆ្នាំ ដោយ ABC នឹង​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សារមន្ទីរ ស​.​ស​.​រ សម្រាប់​សិស្សានុសិស្ស​នៅតាម​គ្រឹះស្ថាន​អប់រំ​រដ្ឋ​ក្នុង​ឆ្នាំ​២០២៤, និង​ទី​៣ ការលើកកម្ពស់​ភាព​ទ​ទួល​ខុសត្រូវ​សង្គម​របស់​សាជីវកម្ម​ក្នុង​វិស័យ​ធនាគារ​កម្ពុជា​។​

អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បានឱ្យដឹងថា ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ទូទៅ ជាពិសេស​ប្រវត្តិសាស្ត្រ​ផ្នែក​សេដ្ឋកិច្ច និង​រូបិយវត្ថុ គឺ​ពិតជា​ចាំបាច់ ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ដើម្បី​ស្វែងយល់​ពី​អតីតកាល និង​ដើម្បី​ផ្តល់​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​សម្រេចចិត្ត​ សម្រាប់​ពេលបច្ចុប្បន្ន​ ដែល​នឹង​កំណត់​អនាគត​របស់​យើង​។​

លោកស្រី​បាន​ថ្លែងថា​ “វា​ជា​កត្តា​សំខាន់​ដែល​មនុស្ស​គ្រប់រូប គួរ​ទទួល​ចំណេះដឹង​តាមរយៈ​ការអប់រំ និង​វប្បធម៌ ទាំង​នៅក្នុង​និង​ក្រៅ​សាលា​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here