ឥណ្ឌូនេស៊ីគ្រោងនឹងនាំចូលអង្ករចំនួន២២.៥០០តោនពីកម្ពុជា

ដោយ: គង់ លាងហួរ

ហ្សាការតាៈ ទីភ្នាក់ងារស្បៀងអាហារជាតិអះអាងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងនាំចូលអង្ករចំនួន២២.៥០០តោន ពីកម្ពុជា ដើម្បីបំពេញបន្ថែមស្តុកក្នុងស្រុក មុនពិធីបុណ្យបញ្ចប់ការតមអាហារ Eid al-Fitr របស់អ្នកកាន់សាសនាឥស្លាមចូលមកដល់។

លោក Arief Prasetyo Adi ប្រធានទីភ្នាក់ងារស្បៀងអាហារជាតិ បានលើកឡើង“យើងកំពុងផ្តល់អាទិភាពដល់អង្ករ ដែលផលិតក្នុងស្រុក ប៉ុន្តែយើងបានសម្រេចចិត្តថា រដ្ឋាភិបាលនឹងទិញអង្ករពីបរទេសនៅពេលនេះ”។

ប្រធានទីភ្នាក់ងារស្បៀងអាហារជាតិ បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ កាលពីថ្ងៃច័ន្ទ ទី១៨ ខែមីនា បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំមួយ ដែលដឹកនាំដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោកJoko Widodo នៅឯវិមានប្រធានាធិបតី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Adi បានកត់សម្គាល់ថា បច្ចុប្បន្ន  យើងកំពុងចាត់វិធានការរៀបចំដើម្បីស្វាគមន៍ រដូវកាលប្រមូលផលស្រូវដ៏អស្ចារ្យ ដែលរំពឹងថា នឹងធ្វើឡើងនៅចន្លោះខែមីនា និងខែមេសាឆ្នាំ២០២៤នេះ។

លោកបានបន្តថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធានាថា ប្រជាពលរដ្ឋមិនប្រឈមមុខ នឹងការខ្វះខាតស្រូវអង្ករបរិភោគ ដោយយើងបានចែកជំនួយអង្ករ ដល់អ្នកទទួលផលរាប់លាននាក់ផងដែរ។

លោកបញ្ជាក់ថា “កាលពីឆ្នាំមុន រដ្ឋាភិបាលបានចែកជំនួយអង្ករដល់ប្រជាជនចំនួន២២លាននាក់ ដោយក្នុងមួយនាក់ ទទួលបានអង្ករ១០គីឡូក្រាម សម្រាប់រយៈពេលប្រាំពីរខែ ហើយយើង​បាន​សម្រេច​ចិត្ត​បន្ត​ការ​ចែក​ចាយ ​អង្កររយៈ​ពេល​៦ខែ​ក្នុង​ឆ្នាំ​នេះ”។

មន្ត្រីរូបនេះបានកត់សម្គាល់បន្ថែមទៀតថា រដ្ឋាភិបាលនឹងបន្តត្រួតពិនិត្យស្តុកអង្ករ ដែលរក្សាទុកដោយក្រុមហ៊ុនរដ្ឋ Bulog ដើម្បីធានាបាននូវភាពគ្រប់គ្រាន់រហូត ដល់ខែមិថុនា ឆ្នាំ២០២៤នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here