តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ  ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃចុះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក(Fed)អះអាងថា ខ្លួននឹងបញ្ចុះអត្រាការប្រាក់ចំនួន៣លើក នៅឆ្នាំ២០២៤នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៨១ភាគរយដល់ត្រឹម២២០៣,៦៩ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង២,១៥%ដល់ត្រឹម២២០៧,៤០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:២៩នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃេពុធម្សិលមិញនេះ តម្លៃមាស Spot Gold បានងើបឡើង១,២%ដល់២១៨៣,០២ដុល្លារក្នុងមួយអោន ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,១% ដល់២.១៦១ដុល្លារក្នុងមួយអោន។

លោក Daniel Pavilonis អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “តម្លៃមាសអាចប្រែប្រួល អាស្រ័យទៅលើការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

កាលពីថ្ងៃអង្គារកន្លងទៅ ធនាគារកណ្តាលជប៉ុន(BOJ) បានសម្រេចចិត្តកែប្រែគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយដំឡើងអត្រាការប្រាក់ពីក្នុងរង្វង់-០,១% ទៅ០,១%វិញ។

ចំណែក កាលពីថ្ងៃពុធម្សិលមិញនេះ  ធនាគារកណ្តាលអាមេរិក(Fed) បានសម្រេចចិត្តរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ប៉ុន្តែ ធនាគារ Fed ក៏បានផ្តល់តម្រុយថា ខ្លួននឹងបញ្ចុះអត្រាការប្រាក់ចំនួន៣លើកនៅឆ្នាំនេះផងដែរ។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៧៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាស៥៩ភាគរយ កាលពីថ្ងៃពុធម្សិលមិញ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះយ៉ាងគំហុកមកនៅត្រឹម១០៣,២៣ពិន្ទុប៉ុណ្ណោះនៅថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣៦ភាគរយដល់២៥,៧១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានកើនឡើង១,១ភាគរយដល់៩១៧,០៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,១៨%ដល់១០៣៣,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៣៨នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here