រដ្ឋាភិបាលម៉ាឡេស៊ីអំពាវនាវឱ្យក្រុមហ៊ុនរដ្ឋ និងឯកជនងាក មកបណ្តាក់ទុននៅក្នុងស្រុកឡើងវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាល និងធនាគារកណ្តាលម៉ាឡេស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់សន្ទុះឱ្យសេដ្ឋកិច្ច បន្ទាប់ពីប្រទេសនេះ មិនអាចសម្រេចបានគោលដៅ កំណើនសេដ្ឋកិច្ចដែលបានដាក់ចេញកាលពីឆ្នាំមុន។

កាលពីខែកុម្ភៈកន្លងទៅ ប្រាក់រីងហ្គីតរបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ថ្លៃចុះ ដល់កម្រិតទាបបំផុតមួយ ដែលមិនធ្លាប់មាន គិតចាប់តាំងពីផ្ទុះវិបត្តិហិរញ្ញវត្ថុ នៅតំបន់អាស៊ី កាលពីឆ្នាំ១៩៩៨។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចាប់តាំងពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម ចូលកាន់តំណែងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ប្រាក់រីងហ្គីតបានធ្លាក់ថ្លៃចុះជាង៦ភាគរយ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNA។

ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលម៉ាឡេស៊ី បានលើកឡើងថា ការធ្លាក់ថ្លៃចុះនៃរូបិយប័ណ្ណជាតិ បានបណ្តាលមកពីកត្តាខាងក្រៅ ហើយវាមិនឆ្លុះបញ្ចាំង ពីមូលដ្ឋានគ្រឹះសេដ្ឋកិច្ច របស់ប្រទេសម៉ាឡេស៊ីនោះទេ។

ដើម្បីជួយលើកស្ទួយទិដ្ឋភាពក្នុងស្រុក ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី បានជំរុញដល់ក្រុមហ៊ុន ដែលមានភាគហ៊ុនមួយចំនួនកាន់កាប់ដោយរដ្ឋាភិបាល ឱ្យនាំយកមូលនិធិពីក្រៅប្រទេសមកវិញ និងជំរុញឱ្យក្រុមហ៊ុនឯកជនងាកមកវិនិយោគក្នុងស្រុក។

លោក Amir Hamzah Azizan រដ្ឋមន្ត្រីទីពីរនៃក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី  បានថ្លែងនៅក្នុងសភានាពេលថ្មីៗនេះថា “យើងកំពុងលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលមានភាគហ៊ុនមួយចំនួនកាន់កាប់ ដោយ   រដ្ឋាភិបាល ឱ្យនាំយកមូលនិធិពីបរទេសមកវិញ ហើយប្តូររូបិយប័ណ្ណបរទេសទៅជារូបិយប័ណ្ណជាតិ”។

លោកបានបន្ថែមថា “រដ្ឋាភិបាលក៏នឹងពិនិត្យផងដែរ ទៅលើក្រុមហ៊ុនឯកជនទាក់ទង នឹងការវិនិយោគនៅក្រៅ ប្រទេសរបស់ពួកគេ ដើម្បីជួយបន្ធូរបន្ថយសម្ពាធលើប្រាក់រីងហ្គីត”។ លោកបន្ថែមថា “យើ​ងលើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុនឯកជន ផ្តល់​អាទិភាព​ដល់​ការ​វិនិយោគ​ផ្ទាល់​ក្នុង​ស្រុក និង​ផ្អាកការ​វិនិយោគ​ថ្មី​នៅ​ក្រៅ​ប្រទេស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here