តម្លៃប្រេងបានធ្លាក់ចុះ ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាសុីប្រឈមភាពមិនច្បាស់លាស់ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ដោយសារការងើបឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក បានធ្វើឱ្យតម្រូវការប្រេងឆៅមានការថមថយចុះ។

តម្លៃប្រេងឆៅ Brent សម្រាប់ចែកចាយនៅខែឧសភាបានធ្លាក់ចុះ១៩សេន  មកនៅត្រឹម៨៧,១៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0104 GMT។ តម្លៃប្រេងឆៅអាមេរិក West Texas Intermediate សម្រាប់ចែកចាយនៅខែមេសា  បានធ្លាក់ចុះ៣៥សេន ឬ០,៤ភាគរយ មកនៅត្រឹម៨៣,១២ដុល្លារក្នុងមួយបារ៉ែល។

សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃអង្គារម្សិលមិញ ធនាគារកណ្តាលជប៉ុន(BOJ) បានសម្រេចចិត្តកែប្រែគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយដំឡើងអត្រាការប្រាក់ពីក្នុងរង្វង់-០,១% ទៅ០,១%វិញ។

ចំណែក នៅថ្ងៃពុធនេះ ក្រុមអ្នកវិភាគរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ខ្លួន និងបន្តពន្យារពេលក្នុងការកាត់បន្ថយអត្រាការប្រាក់។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៥៩ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាសជាង៧០ភាគរយ កាលពីដើមសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,០១៩ភាគរយដល់១០៣,៨៧ពិន្ទុនៅថ្ងៃពុធនេះ។

ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ី បានប្រឈមមុខនឹងភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃពុធនេះ ខណៈអ្នកវិនិយោគព្រួយបារម្ភថា ធនាគារកណ្តាលអាមេរិកអាចនឹងបន្តផ្តល់សញ្ញាពីការពន្យារពេលបញ្ចុះអត្រាការប្រាក់។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,២ភាគរយ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,២២ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,០១៤ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,១៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៩៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here