ក្រសួងពាណិជ្ជកម្មបន្តពង្រឹងសមត្ថភាពមន្រ្តីធ្វើការទាក់ទង កម្មសិទ្ឋបញ្ញា

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតិ ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ ការសិក្សាជូនដល់គ្រូបង្គោលកម្មសិទ្ធបញ្ញា ជំនាន់ទី១  និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនាន់ទី៥ និង៦។

មានប្រសាសន៍ក្នុងពិធី ដែលបានប្រារពធ្វើកាលពីថ្ងៃទី១៩ មិនា លោកជំទាវរដ្ឋមន្រ្តីបន្តថា សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងមូលធនមនុស្សជាអាទិភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យពា​ណិជ្ជកម្ម ជាពិសេសការលើកកម្ពស់ ការផ្តល់សេវាសា​ធារណៈ ក្នុងវិស័យកម្មសិទ្ធិបញ្ញា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយធនធានមនុស្សទាំងនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការគាំទ្រដល់វិស័យឯកជន ជាពិសេសក្នុងវិស័យកម្មសិទ្ធិបញ្ញា ស្របពេលដែលប្រទេសកម្ពុជា បន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោកប្រកបដោយភាពប្រកួតប្រជែង។

លោកជំទាវបន្ថែមថា ការលើកកម្ពស់ចំណេះដឹង ផ្នែកកម្មសិទ្ធិបញ្ញា ដល់មន្ត្រីរាជការនៃក្រសួង និងមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា ព្រមទាំងវិស័យឯកជន គឺជាយន្តការមួយចូលរួមចំណែក ក្នុងការជំរុញការអភិវឌ្ឍអាជីវកម្ម សហគ្រិនភាពផងដែរ តាមរយៈការធ្វើពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា កា​រកសាងកេរ្តិ៍ឈ្មោះម៉ាកយីហោ ការអភិវឌ្ឍផលិតផលសក្តានុពល ស្របតាមបទដ្ឋាន និងតម្រូវការចាំបាច់សម្រាប់ទីផ្សារ ការជំរុញឱ្យមានផលិតផល ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឱ្យកាន់តែច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ ចាំបាច់ ត្រូវអនុវត្តតួនាទីភារកិច្ចឱ្យមានសុចរិតភាព តម្លាភាព ប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ និងស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានដោយត្រូវបន្តខិតខំប្រឹងប្រែង អភិវឌ្ឍដុសខាត់ចំណេះដឹង ក្នុងវិស័យកម្មសិទ្ធិបញ្ញារបស់ខ្លួន ឱ្យតាមទាន់នឹងការវិវត្ត នៃច្បាប់និងបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិ ដើម្បីអាចធានាបាននូវប្រសិទ្ធភាព ភាពត្រឹមត្រូវនៃវិជ្ជាជីវៈ និងភាពអាចជឿទុកចិត្តបាន ក្នុងការផ្តល់សេវាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here