ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ឈានមុខគេរបស់ពិភពលោក ឈ្មោះ Goldman Sachs Asset Management(GSAM) គ្រោងបន្តបណ្តាក់ទុនវិនិយោគ យ៉ាងសកម្ម នៅក្នុងទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៤នេះ។
លោក Jim Garman ប្រធានផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន GSAM បានលើកឡើងថា មូលហេតុដែលក្រុមហ៊ុន មានបំណងបន្តការវិនិយោគ ដោយសារតែទីផ្សារកំពុងធ្លាក់ចុះ ដល់បាតរួចទៅហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។
តម្លៃការិយាល័យ និងអចលនទ្រព្យពាណិជ្ជកម្មផ្សេងទៀត នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលអត្រាការប្រាក់ និងអត្រាការិយាល័យទំនេរកើនឡើងខ្ពស់ និងបានកើនលើសបណ្តាប្រទេសផ្សេងទៀត ចាប់តាំងពីផ្ទុះជំងឺរាតត្បាត។
កាលពីសប្តាហ៍មុន ក្រុមវិនិយោគិនបានជួបជុំគ្នា នៅទីក្រុង French Riviera នៃប្រទេសបារាំង ដើម្បីចូលរួមសន្និសីទអចលនទ្រព្យ MIPIM ដោយពួកគេ បានព្យាករថា ទីផ្សារការិយាល័យអាមេរិកនឹងបន្តដាំក្បាលចុះ។
ជាក់ស្តែង ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Brookfield Asset Management ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បានហៅសហរដ្ឋអាមេរិកថា ជា“ទីផ្សារការិយាល័យ ដែលផ្គត់ផ្គង់លើសតម្រូវការច្រើនជាងគេបំផុតក្នុងពិភពលោក” ដោយបន្ថែមថា វិនិយោគិននៅក្នុងវិស័យនេះ បានជំពាក់បំណុលច្រើនណាស់។
ទោះជាយ៉ាងណាក្តី លោក Jim Garman បានបញ្ជាក់ប្រាប់កាសែត Reuters នៅឯសន្និសីទ MIPIM ថា “ហេតុផលដែលក្រុមហ៊ុន GSAM មានបំណងបន្តវិនិយោគ គឺដោយសារតែ យើងគិតថា អត្រាការប្រាក់នឹងថយចុះ ទីផ្សារកំពុងធ្លាក់ចុះដល់បាត ហើយយើងកំពុងចាប់ផ្តើមមើលឃើញ តម្លៃការិយាល័យថយចុះ ដល់កម្រិតទាបបំផុត ដែលកំណត់ដោយអ្នកទិញនៅក្នុងទីផ្សារ”។
ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមទៀតថា “ភាពរឹងមាំជាមូលដ្ឋាន នៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក៏នឹងអាចជួយគាំទ្រដល់ការស្ទុះងើបឡើងវិញ នៅក្នុងទីផ្សារអចលនទ្រព្យ របស់សហរដ្ឋអាមេរិកផងដែរ”៕