ប្រទេសចិននៅតែបន្តពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមសំខាន់ៗពីលោកខាងលិច ដើម្បីផលិតកប៉ាល់ក្នុងស្រុក

ដោយ: គង់ លាងហួរ

ប៉េកាំង: នាយកវិទ្យាស្ថាន 725 Research Institute នៃសាជីវកម្មសាងសង់នាវារដ្ឋចិន លោក Wang Qihong បានលើកឡើងថា ប្រទេសចិនត្រូវតែបង្កើនការស្រាវជ្រាវរបស់ខ្លួន ក្នុងការផលិតកប៉ាល់សមុទ្រទំនើប និងត្រូវខិតខំព្យាយាមបង្រួមគម្លាតបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ទោះបីជាប្រទេសចិន បន្តរក្សាបាននូវតំណែងដ៏មានប្រៀប នៅក្នុងទីផ្សារផលិតកប៉ាល់ របស់ពិភពលោកយ៉ាងណាក្តី ក៏ប៉ុន្តែការអភិវឌ្ឍន៍កប៉ាល់ទំនើប និងឧស្សាហកម្មគាំទ្រ ជាពិសេសបច្ចេកវិទ្យាសម្ភារៈថ្មីៗ នៅតែដើរយឺតជាងបណ្តាប្រទេសអភិវឌ្ឍន៍នានា។

លោក Wang បានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋ ថា គម្លាតនេះបានកាត់បន្ថយយ៉ាងខ្លាំង នូវសមត្ថភាពផលិតកប៉ាល់របស់ប្រទេសចិន និងការប្រកួតប្រជែងអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា ចំពោះផ្នែកបរិក្ខារវិស្វកម្មសមុទ្រទូទៅ ប្រទេសចិន អាចពឹងផ្អែកលើខ្លួនឯងបាន  ប៉ុន្តែយើងនៅតែមានគម្លាតដ៏ធំ ក្នុងការស្រាវជ្រាវជាមូលដ្ឋានលើសម្ភារទំនើបៗ សម្រាប់យកទៅផលិតកប៉ាល់ដែលមានតម្លៃខ្ពស់ និងស្ថិតក្នុងលក្ខខណ្ឌការងារធ្ងន់ ដូចជាកប៉ាល់ដឹកជញ្ជូនឧស្ម័នធម្មជាតិ កប៉ាល់ទេសចរណ៍ និងកប៉ាល់ស្រាវជ្រាវតំបន់ប៉ូល។

ជាពិសេស ប្រទេសកូរ៉េខាងត្បូងនៅតែនាំមុខគេ ដោយទទួលបានការបញ្ជាទិញ ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាការបញ្ជាទិញកប៉ាល់ដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) ជាដើម។

កាលពីខែកុម្ភៈកន្លងទៅ ក្រុមអ្នកស្រាវជ្រាវមកពីសមាគមឧស្សា ហកម្មសាងសង់នាវាជាតិរបស់ប្រទេសចិន បានរកឃើញថា ប្រទេសចិន នៅតែមិនអាចផលិតសមាសធាតុសំខាន់ៗចំនួន៥ សម្រាប់ផលិតនាវាប្រភេទនេះ ដែលអាចរក្សាទុកឧស្ម័ន LNG ឱ្យស្ថិតនៅសីតុណ្ហភាពទាបបំផុត។

ដូច្នេះហើយ ប្រទេសចិននៅតែពឹងផ្អែកលើការនាំចូល ស្របពេលដែលសម្ភារៈ និងបច្ចេកវិទ្យាសំខាន់ៗ ស្ថិតនៅក្នុងដៃរបស់បណ្តាប្រទេសអភិវឌ្ឍន៍នានា ដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here