វិនិយោគិនបរទេសម្រុកទិញមូលបត្របំណុលរបស់ប្រទេសជប៉ុន ស្របពេលមានសុទិដ្ឋិនិយមលើគោលនយោបាយរូបិយវត្ថុ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមវិនិយោគិនបរទេស បានសម្រុកទិញមូលបត្របំណុលជប៉ុន ស្របពេលដែលមានការរំពឹងទុកថា ធនាគារកណ្តាលជប៉ុន(BOJ)អាចនឹងបញ្ចប់ គោលនយោបាយអត្រាការប្រាក់អវិជ្ជ​មានរបស់ខ្លួន ហើយចាប់ផ្តើមដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ។

យោងតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុជប៉ុន បានបង្ហាញថា វិនិយោគិនបរទេស បានទិញមូលបត្របំណុលជប៉ុន រយៈពេលវែងចំនួន១,១៥ទ្រីលានយ៉េន (ប្រហែល៧,៨ពាន់លានដុល្លារ) កាលពីសប្តាហ៍មុន(គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា) ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៣។

ជាមួយគ្នានេះ វិនិយោគិនបរទេស ក៏បានទិញមូលបត្របំណុលរយៈពេលខ្លីរបស់ប្រទេសជប៉ុនសុទ្ធ ចំនួន២,២២ទ្រីលានយ៉េន(ប្រហែ​ល១៤,៩៣ពាន់លានដុល្លារ) កាលពីសប្តាហ៍មុនផងដែរ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពជាច្រើនបានអះអាងថា ធនាគារកណ្តាលជប៉ុន នឹងបើកកិច្ចពិភាក្សាស្តីពី ការបញ្ចប់គោលនយោបាយអត្រា ការប្រាក់អវិជ្ជ​មានរបស់ខ្លួននៅសប្តាហ៍ក្រោយ ប្រសិនបើការស្ទង់មតិបឋមបង្ហាញថា បណ្តាក្រុមហ៊ុនជប៉ុនធំៗ នឹងដំឡើងប្រាក់ឈ្នួលកាន់តែខ្ពស់សម្រា​ប់បុគ្គលិក-និយោជិត។

ផលប័ត្រនៅលើប័ណ្ណរតនាគារ របស់ប្រទេសជប៉ុនរយៈពេលមួយឆ្នាំ បានកើនឡើងយ៉ាងគំហុកចំនួន៨ពិន្ទុមូលដ្ឋាន ក្នុងឆ្នាំ២០២៤នេះ ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិតមួយទសវត្សរ៍ គឺ០,០៦៧ភាគរយ។ ដូច្នេះអ្នកវិនិយោគនឹងសម្រុកទិញមូលបត្របំណុល កាលណាផលប័ត្ររតនាគារកើនឡើងកាន់តែខ្ពស់។

ទន្ទឹមនឹងនេះ វិនិយោគិនក្រៅប្រទេស បានសម្រុកទិញភាគហ៊ុនរបស់ប្រទេសជប៉ុន អស់រយៈពេល២សប្តាហ៍ជាប់ៗគ្នា ដោយបានទិញភាគហ៊ុន ក្នុងទំហំទឹកប្រាក់១៩៨,៣៥ពាន់លានយ៉េន បើទោះបីជាផ្សារហ៊ុនជប៉ុន បានធ្លាក់ថ្លៃចុះពីកម្រិតខ្ពស់បំផុតនាពេលថ្មីៗនេះយ៉ាងណាក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here