រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប្រកាសគម្រោងថ្មីGATEជាមួយ សហភាពអឺរ៉ុប

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) និងពិធីប្រកាសគម្រោងថ្មី “EU Global Access and Trade Expertise (GATE)”។

ពិធីនេះបានប្រារពធ្វើ នារសៀលថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ និងមូន រីវើសាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ពីតួនាទី ដ៏មានសារៈសំខាន់របស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ (តាមរយៈ GIZ) ដែលបានរួមចំណែក ដល់ការបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន និងវឌ្ឍនភាព។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា ចំពោះការធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងតំបន់ និងពិភពលោក ដែលនឹងជំរុញឱ្យមានសន្ទុះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។

លោកជំទាវរដ្ឋមន្ត្រីបន្តថា ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណា​ក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បេសកកម្មដ៏សំខាន់របស់កម្ពុជា គឺសម្រេចឱ្យបាននូវការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់ ឱ្យស្របតាមរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកប​ដោយចីរភាព ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈទានមួយចំនួនទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការចូលរួមរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្ម ទៅក្នុងតំបន់ និងពិភពលោក ដោយបានសង្កត់ធ្ងន់លើ ១) សមត្ថភាពក្នុងការផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់វិស័យពាណិជ្ជកម្ម ២) សមត្ថភាពក្នុងការអនុវត្ត និងទាញប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងប្រកបដោយប្រសិទ្ធភាព និង ៣) ការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC graduation)។

លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងជំរុញឱ្យដៃគូសំខាន់ៗ និងភាពីពាក់ព័ន្ធទាំងអស់ ចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងដំណាក់កាលចាប់ផ្តើមនៃគម្រោង EU GATE ដើម្បីផ្តល់ជាធាតុចូលដែលជាតម្រូវការជាក់ស្តែងក្នុងការអនុវត្តគម្រោងនេះ។

លោកជំទាវរដ្ឋមន្រ្តីបញ្ជាក់ថា កិច្ចសហការនេះនឹងត្រួសត្រាយសម្រាប់លើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងនិរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា ដោយធានានូវការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ដោះស្រាយនូវបញ្ហាប្រឈម និងឱកាស ក្រោយការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងការឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here