អឺរ៉ុបកំពុងសាងសង់មហាគម្រោងព្រែកជីកថ្មីមួយតម្លៃប្រហែល២៥,៧ពាន់លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងខ្នាតយក្សប្រកបដោយ មហិច្ឆិតាខ្ពស់របស់ប្រទេសទួរគី ក្នុងការជីកព្រែកតម្លៃរាប់ពាន់លានដុល្លារ ដើម្បីសម្រួលការកកស្ទះ នៃការដឹកជញ្ជូនតាមព្រែកជីកស៊ុយអេ កំពុងទទួលបានសន្ទុះយ៉ាងខ្លាំង។

គំនិតផ្តួចផ្តើមជីកព្រែក Istanbul Canal ដែលដឹកនាំដោយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងបានបើកការដ្ឋានសាងសង់ ក្នុងឆ្នាំ២០២១ មានគោលដៅប្រែក្លាយទីក្រុងអ៊ីស្តង់ប៊ុល ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដោយគ្រោងចំណាយថវិកាចំនួន២០ពាន់លានផោន (ប្រហែល២៥,៧២ពាន់លានដុល្លារ)។

ដើមឡើយ គម្រោងជីកព្រែកខាងលើនេះ បានប្រឈមមុខនឹងការតស៊ូមតិ ដោយសារតែការព្រួយបារម្ភ អំពីផលប៉ះពាល់របស់វាទៅលើប្រព័ន្ធអេកូឡូស៊ី របស់ទីក្រុងអ៊ីស្តង់ប៊ុល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលទួរគីបានជំរុញចក្ខុវិស័យរបស់ខ្លួនឆ្ពោះទៅមុខ សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០៥៣ ដោយលើកឡើងពីអត្ថប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលគម្រោងព្រែកជីកនេះនឹងនាំមកជូនជាតិ។

ព្រែកជីកនេះត្រូវបានគេរំពឹងថា នឹងបង្កើតប្រវត្តិសាស្រ្ត ក្នុងយុគសម័យថ្មី នៃឱកាសសេដ្ឋកិច្ចសម្រាប់ប្រទេសទួរគី និងតំបន់អឺរ៉ុបទាំងមូល ស្របពេលដែលគម្រោងព្រែកជីក Istanbul Canal គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៧ខាងមុខ។

ព្រែកជីក Istanbul Canal មានទីតាំងជាយុទ្ធសាស្ត្រស្ថិតនៅភាគខាងលិច នៃទីក្រុងអ៊ីស្តង់ប៊ុល (Istanbul) ដោយតភ្ជាប់សមុទ្រខ្មៅ  និងសមុទ្រ Marmara។

ព្រែកជីកនេះមានប្រវែង៤៥គីឡូម៉ែត្រ មានទទឹងចាប់ពី៤០០ ទៅ១.០០០ម៉ែត្រ និងមានជម្រៅចំនួន២៥ម៉ែត្រ ហើយនឹងមានស្ពានចំនួន៦ខ្សែ ដែលតភ្ជាប់ព្រែកជីកនេះ ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ផ្នែកខាងអឺរ៉ុប។

ព្រែកជីក Istanbul Canal ត្រូវបានគេព្យាករថា នឹងមានសមត្ថភាពផ្ទុកកប៉ាល់ ឬនាវាចំនួន១៦០គ្រឿងក្នុងមួយឆ្នាំៗ ដែលនឹងជួយកាត់បន្ថយការកកស្ទុះចរាចរណ៍ ដឹកជញ្ជូននៅច្រកសមុទ្រ Bosphorus។

ព្រែកជីកនេះ នឹងប្រែក្លាយទីក្រុងអ៊ីស្តង់ប៊ុល ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដោយផ្តល់ផ្លូវទឹកដ៏សំខាន់ស្របទៅនឹងច្រកសមុទ្រ Bosphorus ដ៏ល្បីល្បាញ។  ទីតាំងយុទ្ធសាស្ត្រនេះ ក៏ត្រូវបានគេរំពឹងថា នឹងទាក់ទាញគម្រោងពាណិជ្ជកម្ម និងទេសចរណ៍ជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here