វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសទាំង២៥ ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក នៅឆ្នាំ២០៣៨ខាងមុខ

ដោយ: គង់ លាងហួរ

ហាណូយ: សារព័ត៌មាន Vietnam News បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មកចុះផ្សាយថា ទំហំផលទុនជាតិសរុប (GDP) របស់វៀតណាមនឹងកើនដល់ទឹកប្រាក់ ប្រមាណ៤៦៩,៤ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ២០២៤នេះ។

ចំណែកឯ ប្រទេសឥណ្ឌូនេស៊ី ថៃ សិង្ហបុរី និងហ្វីលីពីន បានកាន់កាប់តំណែងនាំមុខគេ នៅក្នុងការព្យាករណ៍របស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយប្រទេសទាំង៤នេះ នឹងមានទំហំសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ាន។

យោងតាមមូលនិធិ ​​IMFបានឱ្យដឹងថា ទំហំ GDP របស់ប្រទេសវៀតណាម ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ប្រហែល៤៣៣,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលជាអត្រាខ្ពស់បំផុតទី៥ នៅតំបន់អាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ចឯករាជ្យរបស់ចក្រភពអង់គ្លេស(CEBR) បានព្យាករថា ចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់វៀតណាម អាចនឹងកើនឡើងយ៉ាងឆាប់រហ័ស នាពេលអនាគត។ វៀតណាមនឹងក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២៤ទូទាំងពិភពលោក នៅឆ្នាំ២០៣៣ខាងមុខ ជាមួយនឹង ផលទុនជាតិសរុបទំហំ១,០៥ទ្រីលានដុល្លារ។

មជ្ឈមណ្ឌលនេះបានព្យាករទៀតថា នៅឆ្នាំ២០៣៨ ទំហំផលទុនជាតិសរុបរបស់វៀតណាម នឹងកើនឡើងដល់ទឹកប្រាក់១,៥៦ទ្រីលានដុល្លារ ហើយសេដ្ឋកិច្ចវៀតណាម នឹងឡើងដល់ចំណាត់ថ្នាក់ទី២១ទូទាំងពិភពលោក ដោយវ៉ាដាច់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន ដូចជា ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីនជាដើម ដើម្បីចូលទៅក្នុងក្រុមប្រទេសចំនួន២៥ ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។

វៀតណាម​គឺជា​ប្រទេស​មួយ​ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ នៅក្នុង​ពិភពលោក។  ការរីកចម្រើន សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានគេវាយតម្លៃថា ជំរុញមកពីការបង្វែរការបែងចែកកម្លាំងពលកម្ម ចេញពីវិស័យកសិកម្ម ទៅកាន់វិស័យផលិតកម្ម និងសេវាកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here