តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីស្តុកប្រេងឆៅអាមេរិកបានធ្លាក់ចុះ ដែលការណ៍នេះបង្ហាញពីកំណើនតម្រូវការប្រេង ខណៈការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីក៏ជាមូលហេតុធ្វើឱ្យតម្លៃប្រេងកើនឡើងផងដែរ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង១០សេន ឬ០,១២ភាគរយដល់៨៤,១៣ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0115 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៧សេន ឬ០,៩ភាគរយដល់៧៩,៧៩ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

ទោះជាយ៉ាងណាក្តី លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “យើងនៅតែជឿជាក់ និងរំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារ ដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ ដោយសារតែរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិកប្រចាំខែកុម្ភៈ បានកើនឡើងលើសពីការរំពឹងទុក ដូច្នេះ ឱកាសភាគរយនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក ក៏មានការថមថយចុះផងដែរ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាស៧១ភាគរយ កាលពីដើមសប្តាហ៍។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៧៧ពិន្ទុប៉ុណ្ណោះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចសំខាន់របស់សហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយអំពីគោលជំហរអត្រាការប្រាក់។

តួយ៉ាង ទិន្នន័យនៃការលក់រាយរបស់សហរដ្ឋអាមេរិក សន្ទស្សន៍តម្លៃអ្នកផលិត (PPI) និងរបាយការណ៍ស្តីពីចំនួនអ្នកដាក់ពាក្យស្នើសុំជំនួយពីរដ្ឋ ពេលគ្មានការងារធ្វើ គ្រោងនឹងបោះពុម្ពចេញផ្សាយនៅថ្ងៃនេះតែម្តង។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,០៣ភាគរយ គិតត្រឹមម៉ោង១០:១៥នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,២០ភាគរយ។

ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,០៥៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,១៤ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,០៧៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here