ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីប្រឈមផលប៉ះពាល់ ខណៈសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់

ដោយ: គង់ លាងហួរ

អន្តរជាតិ: មន្ត្រីជាន់ខ្ពស់សិង្ហបុរីបានព្រមានថា ភាពមិនច្បាស់ លាស់ខាងសេដ្ឋកិច្ច នឹងជះផលប៉ះពាល់ដល់ឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសនេះ ដោយសារតម្រូវការ និងការលក់ផ្ទះនៅក្នុងទីក្រុងបង្ហាញពីការធ្លាក់ចុះ។

លោក Desmond Lee រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជាតិ​ បាន​ថ្លែងក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ទូរទស្សន៍ CNA ថា“ទស្សនវិស័យសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់ ហើយវាមិនទំនងជាអំណោយផលនោះទេ”។

លោករដ្ឋមន្ត្រីបានបន្តថា “យើង​មើលឃើញ​ថា​ អត្រា​ការ​ប្រាក់​នៅ​តែ​មានកម្រិតខ្ពស់​ក្នុង​រយៈ​ពេល​យូរ។  យើងមើលឃើញភាពមិនប្រាកដប្រជាខាងផ្នែកសេដ្ឋកិច្ច ក្នុងផ្លូវខាងមុខរបស់យើង”។លោកបន្ថែមថា  “យើង​មើល​ឃើញ​ភាព​តានតឹង ​ខាង​ភូមិសាស្ត្រ​នយោបាយ ហើយ​អ្វី​ទាំង​អស់​នេះ ​នឹង​ជះឥទ្ធិពល​មកលើ​វិស័យ​អចលនទ្រព្យ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជាតិ នៃប្រទេសសិង្ហបុរីរូបនេះបានលើ​កឡើងក្នុងបទសម្ភាសន៍នោះថា“យើងនឹងត្រួតពិនិត្យ និងចាត់វិធានការណាក៏ដោយដែលចាំបាច់ ដើម្បីធានាបាននូវស្ថិរភាព នៅក្នុងទីផ្សារអចលនទ្រព្យរបស់យើង”។

លោក Lee បានបញ្ជាក់ថា រដ្ឋាភិបាលបាននិងកំពុងខិតខំធ្វើការ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីស្ដារស្ថិរភាពក្នុងទីផ្សារលំនៅដ្ឋាន និងធ្វើឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការផ្ទះល្វែង ក្រោយពីមានការរំខាន ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។

លោកអះអាងថា “វិបត្តិជំងឺរាតត្បាតនាពេលកន្លងទៅ បានបង្កការរំខានដល់ការរស់នៅរបស់ប្រជាជន ជះផលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ បណ្តាលឱ្យមានការខ្វះខាតកម្លាំងពលកម្ម និងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសំណង់ និងអចលនទ្រព្យ”។

លោកបញ្ជាក់បន្ថែមថា យើងត្រូវការពេលវេលា ដើម្បីស្ដារតុល្យ​ភាពទីផ្សារ ពីព្រោះការចាក់បញ្ចូលការផ្គត់ផ្គង់ ការផ្លាស់ប្តូរចិត្តសាស្ត្រទីផ្សារអចលនទ្រព្យ និងការកែសម្រួលវិធានការផ្សេងៗ សុទ្ធតែត្រូវការពេលវេលា ដើម្បីលេចចេញជារូបរាងឡើងបន្តិចម្តងៗ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here