រដ្ឋមន្រ្តីការងារៈការអភិវឌ្ឍជំនាញបច្ចេកទេសវិជ្ជាជីវៈជាគន្លឹះទាក់ទាញការវិនិយោគបន្ថែម

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរបានថ្លែងថា ការអភិវឌ្ឍជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាគន្លឹះដ៏សំខាន់ ក្នុងការកសាងសមត្ថភាពពលរដ្ឋកម្ពុជា ឱ្យក្លាយជាកម្លាំងពលកម្មជំនាញ ដែលមានផលិតភាពខ្ពស់ សម្រាប់ទាក់ទាញការវិនិយោគបន្ថែម និងជាជន្ទុលដ៏រឹងមាំសម្រាប់កម្ពុជា ​ក្លាយជាប្រទេ​សរីកចម្រើននាពេលខាងមុខ។

លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត” ដែលធ្វើឡើងនៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅចំពោះមុខដៃគូអន្តរជាតិ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) លោករដ្ឋមន្ត្រី បានពន្យល់ថា ការបណ្តុះបណ្តាលជំនាញនេះ នឹងធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេស ដែលសម្បូរដោយកម្លាំងពលកម្មជំនាញ ប្រកបដោយភាពទាក់ទាញ សម្រាប់វិនិយោគបរទេស ដែលកំពុងបង្វែរការបោះទុនមកកាន់តំបន់អាស៊ីអាគេ្នយ៍ ហើយតាមរយៈជំនាញរបស់ពលរដ្ឋ និងការវិនិយោគនេះ កម្ពុជានឹងធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានរំលេចក្នុងពិធីប្រកាសដែរថា ការអភិវឌ្ឍជំនាញ គឺពិតជាឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែន​ការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ព្រមទាំងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលនឹងជួយដោះស្រាយគម្លាតជំនាញ និងកង្វះខាតជំនាញក្នុងឧស្សាហកម្ម ដែលជាជន្ទុលដ៏រឹងមាំ សម្រាប់ឱ្យកម្ពុជាក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here