តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ ប្រេង ឆៅ បាន កើនឡើង នៅថ្ងៃ ពុធ នេះ  ស្របពេលដែលមានការរំពឹងទុកថា តម្រូវការ ប្រេងនៅទូទាំងពិភពលោក នឹងស្ទុះងើបឡើងវិញខ្លាំង ជាពិសេសគឺតម្រូវការ នៅសហរដ្ឋអាមេរិក តែម្តង។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែឧសភា បានកើនឡើង៣៦សេន ឬ០,៤៤ភាគរយ ដល់៨២,២៨ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0020 GMT។

ចំណែកឯ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) សម្រាប់ចែកចាយនៅខែមេសា បានកើនឡើង៣៨សេន ឬ០,៤៩ភាគរយ ដល់៧៧,៩៤ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តី លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “យើងនៅតែជឿជាក់ និងរំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារ ដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ”។

យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន បានបង្ហាញថា នៅក្នុងខែកុម្ភៈ អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំ គឺ៣,៩% បន្ទាប់ពីអត្រានេះបានស្ថិតនៅទ្រឹងក្នុងរង្វង់៣,៧% អស់រយៈពេល៣ខែជាប់ៗគ្នា គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន រហូតដល់ខែមករា ឆ្នាំ២០២៤នេះ។

ទន្ទឹមនឹងនេះ លោក Tai Wong ពាណិជ្ជករលោហៈធាតុឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានអះអាងថា របាយការណ៍ការងារនេះនឹងត្រូវបានគេមើលឃើញថា ជាកត្តាដែលជំរុញឱ្យធនាគារ Fed ពិចារណាកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងសម្រាប់ខែមិថុនាពេលខាងមុខ។

ប៉ុន្តែ ដោយសារតែរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិកប្រចាំខែកុម្ភៈ បានកើនឡើងលើសពីការរំពឹងទុក ដូច្នេះ ឱកាសភាគរយនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក ក៏មានការថមថយចុះផងដែរ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៧ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាស៧១ភាគរយ កាលពីដើមសប្តាហ៍។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃពុធនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃតិចតួចដល់១០២,៩១ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅថ្ងៃពុធនេះ ស្របពេលដែលអ្នកវិនិយោគភាគច្រើន មិនសូវព្រួយបារម្ភអំពីការកើនឡើងលើសពីការរំពឹងទុកនៃអត្រាអតិផរណារបស់សហរដ្ឋអាមេរិកក្នុងខែកុម្ភៈនោះទេ។

តួយ៉ាង តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,២ភាគរយ ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីដើមខែសីហា ឆ្នាំ២០២៣មកម្ល៉េះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានស្ថិតក្នុងសភាពទ្រឹង ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៤ភាគរយដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ខែកន្លះ។

ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៤ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,២២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៣៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here