តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ បន្ទាប់ ពី របាយការណ៍ អតិផរណា របស់ សហរដ្ឋ អាមេរិក បាន បន្ទាបការ រំពឹង ទុក នៃ ការ កាត់ បន្ថយ អត្រា ការ ប្រាក់ របស់ ធនាគារ កណ្តាល អាមេរិក ក្នុង ពេល ឆាប់ៗ នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើងវិញត្រឹមតែ០,១ភាគរយ ដល់២១៥៨,២៦ដុល្លារ ក្នុងមួយអោន បន្ទាប់ពីបានធ្លាក់ថ្លៃចុះ១,១៨%កាលពីម្សិលមិញ ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១%មកនៅត្រឹម២១៦៣,៥០ដុល្លារ ក្នុងមួយអោន។

យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

ទោះជាយ៉ាងណាក្តី លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “យើងនៅតែជឿជាក់ និងរំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារ ដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន បានបង្ហាញថា នៅក្នុងខែកុម្ភៈ អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំ គឺ៣,៩% បន្ទាប់ពីអត្រានេះបានស្ថិតនៅទ្រឹងក្នុងរង្វង់៣,៧% អស់រយៈពេល៣ខែជាប់ៗគ្នា គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន រហូតដល់ខែមករា ឆ្នាំ២០២៤នេះ។

ទន្ទឹមនឹងនេះ លោក Tai Wong ពាណិជ្ជករលោហៈធាតុឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានអះអាងថា របាយការណ៍ការងារនេះនឹងត្រូវបានគេមើលឃើញថា ជាកត្តាដែលជំរុញឱ្យធនាគារ Fed ពិចារណាកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងសម្រាប់ខែមិថុនាពេលខាងមុខ។

ប៉ុន្តែ ដោយសារតែរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិកប្រចាំខែកុម្ភៈ បានកើនឡើងលើសពីការរំពឹងទុក ដូច្នេះ ឱកាសភាគរយនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក ក៏មានការថមថយចុះផងដែរ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៧ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាស៧១ភាគរយ កាលពីដើមសប្តាហ៍។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃពុធនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃតិចតួចដល់១០២,៩១ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១ភាគរយដល់២៤,១៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១ភាគរយដូចគ្នា ដល់៩២៣,៧០ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៧%ដល់១០៣៤,៦១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here