តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងបន្តិច ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលទីផ្សារកំពុងរង់ចាំមើលរបាយការណ៍នៃការប៉ាន់ស្មានតម្រូវការប្រេងប្រចាំខែពីទីភ្នាក់ងារប្រេងនានា។

តម្លៃប្រេងឆៅ Brent សម្រាប់ចែកចាយនៅខែឧសភាបានកើនឡើង២៣សេនដល់៨២,៤៤ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0221 GMT ខណៈតម្លៃប្រេង ឆៅ របស់ សហរដ្ឋ អាមេរិក សម្រាប់ចែកចាយនៅ ខែ មេសា បាន កើន ឡើង១៧សេន មក ដល់ ត្រឹម៧៨,១០ដុល្លារ ក្នុង មួយ បារ៉ែល។

លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “យើងនៅតែជឿជាក់ និងរំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារ ដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ”។

យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីចុងសប្តាហ៍បានបង្ហាញថា នៅក្នុងខែកុម្ភៈ អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំ គឺ៣,៩% បន្ទាប់ពីអត្រានេះបានស្ថិតនៅទ្រឹងក្នុងរង្វង់៣,៧% អស់រយៈពេល៣ខែជាប់ៗគ្នា គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ដល់ខែមករា ឆ្នាំ២០២៤នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ លោក Tai Wong ពាណិជ្ជករលោហៈធាតុឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានអះអាងថា របាយការណ៍ការងារនេះនឹងត្រូវបានគេមើលឃើញថា ជាកត្តាដែលជំរុញឱ្យធនាគារ Fed ពិចារណាកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងសម្រាប់ខែមិថុនាខាងមុខ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៣ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃអង្គារនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃបន្តិចដល់១០២,៨០ពិន្ទុ បន្ទាប់ពីធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត២ខែ គឺ១០២,៣៣ពិន្ទុកាលពីសប្តាហ៍មុន។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ ខណៈដែលធនាគារកណ្តាលជប៉ុន(BOJ) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរចេញពីបន្ទាត់គោលនយោបាយរូបិយវត្ថុដ៏ធូររលុងរបស់ខ្លួននៅដើមសប្តាហ៍ក្រោយ។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,២០ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៨៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៧៥ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,១៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៣ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,១១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៤០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here