តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមពាណិជ្ជករកំពុងរង់ចាំទិន្នន័យតម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយលើគន្លងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២១៨២,៤៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម២១៨៨,៧០ដុល្លារ ក្នុងមួយអោន។

តម្លៃហាងឆេងមាសបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃសុក្រ សប្តាហ៍មុន គឺ២១៩៤,៩៩ដុល្លារ ក្នុងមួយអោន ដោយសារទិន្នន័យ ដែលបង្ហាញពីការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិក បានបង្កើនការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកអាចនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ។

លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “យើងនៅតែជឿជាក់ និងរំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារ ដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីចុងសប្តាហ៍បានបង្ហាញថា នៅក្នុងខែកុម្ភៈ អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំ គឺ៣,៩% បន្ទាប់ពីអត្រានេះបានស្ថិតនៅទ្រឹងក្នុងរង្វង់៣,៧% អស់រយៈពេល៣ខែជាប់ៗគ្នា គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ដល់ខែមករា ឆ្នាំ២០២៤នេះ។

ទន្ទឹមនឹងនេះ លោក Tai Wong ពាណិជ្ជករលោហៈធាតុឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានអះអាងថា របាយការណ៍ការងារនេះនឹងត្រូវបានគេមើលឃើញថា ជាកត្តាដែលជំរុញឱ្យធនាគារ Fed ពិចារណាកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងសម្រាប់ខែមិថុនាខាងមុខ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៣ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃអង្គារនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃបន្តិចដល់១០២,៨០ពិន្ទុ បន្ទាប់ពីធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត២ខែ គឺ១០២,៣៣ពិន្ទុកាលពីសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១២ភាគរយដល់២៤,៤៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៤៦ភាគរយដល់៩៣៧,២៥ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៧%ដល់១០៣២,៣៣ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៣០នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here